គួរឲ្យសង្វេក! ក្មេងស្រីអាយុទើបតែជាង១ខួប លង់ទឹកអាងព្រះភូមិនៅមុខផ្ទះ ខណៈម្តាយរវល់តែលក់ដូរ
13-12-2016 16:54
(ពោធិ៍សាត់)៖ កុមារីអាយុទើបតែ ១ខួប៣ខែ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារលង់ទឹកអាងជុំវិញព្រះភូមិនៅមុខផ្ទះ ខណៈម្តាយរវល់តែលក់ដូរ ទុកកូនចោលបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សាកសពក្មេងស្រីដែលលង់ទឹកស្លាប់នោះ មានឈ្មោះ តុន លក្ខិណា អាយុ១ខួប៣ខែ មានឪពុកឈ្មោះ តង ដារ៉ូ អាយុ២៣ឆ្នាំ និងម្តាយឈ្មោះ ស្រី លីន អាយុ២៤ឆ្នាំ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ។
ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍របស់លោក បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យឃើញថា ក្មេងស្រីរងគ្រោះ ពិតជាបានលង់ទឹកក្នុងអាងទឹកជុំវិញព្រះភូមិ នៅពីមុខផ្ទះពិតប្រាកដមែន ដោយសារតែការធ្វេសប្រហែសរបស់ម្តាយ ដែលទុកកូនចោលឲ្យរត់លេង ព្រោះរវល់តែលក់ដូរ៕