(សៀមរាប)៖ រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោកបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យក្រុមប្រតិភូសារព័ត៌មានឥណ្ឌា រៀបចំដោយក្រសួងការបរទេសឥណ្ឌា ចូលជួបសម្តែងការគួរសម នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
អមដំណើរប្រតិភូនានៅក្នុងជំនួបនេះ មានលោក SUDHIR GOSWAMI មន្ត្រីទំនាក់ទំនងនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
ក្នុងកិច្ចស្វាគមន៍គណៈប្រតិភូ លោកអគ្គនាយកបានរំឭកឡើងវិញ នូវទំនាក់ដ៏ល្អរវាងអាជ្ញាធរជាតិអប្សរា និងប្រទេសឥណ្ឌា ក្នុងការងារអភិរក្សជួសជុល និងស្តារឡើងវិញនូវប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ នាពេលកន្លងមក ក៏ដូចជាកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ន ជាពិសេស គឺស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI (Archeological Survey of India) ដែលកំពុងបន្តការងារជួសជុល នៅប្រាសាទតាព្រហ្ម។
ជាមួយគ្នានេះ លោកអគ្គនាយក៏បង្ហាញគណៈប្រតិភូឥណ្ឌា អំពីដំណើរការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដោយអាជ្ញាធរជាតិអប្សរា និងកិច្ចសហការពីដៃគូជាតិ និងអន្តរជាតិនានា។
លោកបញ្ជាក់ថា ប្រាង្គប្រាសាទនានាមួយចំនួន ដែលត្រូវបានជួសជុលនិងស្តារឡើងនេះ គឺជាសមិទ្ធផលរួមនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូអន្តរជាតិ ហើយនៅមានប្រាសាទជាច្រើនទៀត ដែលទាមទារការអភិរក្សជួសជុល។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាបើកចំហជានិច្ចរាល់កិច្ចសហការ ពីដៃគូអន្តរជាតិក្នុងការចូលរួមបន្តទៀត ជាពិសេសស្ថាប័នជំនាញផ្សេងៗទៀត មកពីប្រទេសឥណ្ឌា។
ជាការឆ្លើយតប លោក SUDHIR GOSHWAMI បានសម្តែងនូវការដឹងគុណចំពោះ លោកអគ្គនាយកដែលបានអនុញ្ញាតឲ្យប្រតិភូ របស់លោកបានចូលជួប សំណេះសំណាល និងស្វែងយល់អំពីកិច្ចការ គ្រប់គ្រងរមណីយដ្ឋានអង្គរ។ លោកសន្យានឹងជំរុញកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងឥណ្ឌាឲ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរថែមទៀត៕