(កំពង់ចាម)៖ ក្រោយពីទទួលបានសេចក្តីជូនដំណឹងរបស់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ អ្នកអនុវត្តសាលក្រមនៃសាលាដំបូងខេត្តកំពង់ចាម នឹងចុះទៅដឹកនាំការ អនុវត្តប្រគល់ដីទំនាស់៤,៨ម៉ែត្រ គុណ៤៣ម៉ែត្រ ស្ថិតនៅភូមផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ឲ្យទៅឈ្មោះ ឆេ ស៊ីម តាមអំណោចសាលដីកាលេខ២៩១ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ របស់តុលាការកំពូល។
ក្រោយមានការជូនដំណឹងបែបនេះ លោកយាយ ឡោ លន់ ជាប្រជាពលរដ្ឋចាស់ជរារស់នៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាជនចាស់ជរាចាញ់ក្តី ក្នុងសំណុំរឿងនេះ បានប្រកាសអំពាវនាវ ដល់អ្នកច្បាប់ជាតិ-អន្តរជាតិ នឹងអង្គការស៊ីវិលនានា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួយផ្តល់នឹងវែកពញែករកការខុសត្រូវឲ្យ រូបគាត់ដែលជាជនចាស់ ជរាគ្មានទីពឹងនេះផងព្រោះរូបគាត់ពុំ មានទីស្នាក់អាស្រ័យក្រៅពីលើដីរបស់ខ្លួននេះឡើយ។
លោកយាយ ឡោ លន់ អាយុ៨៥ឆ្នាំ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានលើកឡើងប្រាប់ ក្រុមសារព័ត៌មាន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នេះថា លោកយាយជាស្រ្តីមេម៉ាយ បានរស់នៅក្នុងភូមិឃុំខាងលើនេះ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយរូបគាត់មកកាប់ឆ្ការព្រៃដើម្បីរុករាន្តធ្វើលំនៅឋានរស់នៅទីនេះ តាំងពីម្តុំនេះមានព្រៃក្រាស គឺមានតែពីរគ្រួសារនោះទេ មករស់នៅទីនេះដំបូង ។ បន្ទាប់មកមានប្រជាជនចេះតែចាប់ដីរស់ដើម្បីធ្វើលំនៅឋានរស់នៅ ជាហូរហែរ ។ មកដល់សម័យរដ្ឋកម្ពុជា រដ្ឋបានសម្រេចចិត្តគ្រប់គ្រងដីបង្ករបង្កើនផល និងដីលំនៅឋាន មកជាឯកជន ភាវូនីយកម្ម បានន័យថាក្នុង១៩៩២ រដ្ឋបានបង្កើតជាក្រុមការងារចុះវាស់វែង មានរដ្ឋអំណាចភូមិ ឃុំ និងការិយាល័យ សូរិយោដី ចុះវាស់ដីនៅតាមភូមិជូនដល់ប្រជាពលរដ្ឋ រួចបានផ្តល់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីគ្រប់ៗគ្នា ។
លោកយាយ បានបន្តថា ក្រោយពីរដ្ឋបានផ្តល់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីរួចមក គាត់បានរស់នៅ លើដីនេះយ៉ាងសុខសាន្ត អស់រយៈពេល១៧ឆ្នាំ ក្រោយមក គឺនៅក្នុងឆ្នាំ២០០៩ ស្រាប់តែមានឈ្មោះ ឆេ ស៊ីម ដែលជា ដើមបណ្តឹងមកចោទប្រកាន់ថា រូបគាត់ជាអ្នកលួចធ្វើប័ណ្ណសំគាល់សិទ្ធិ ដោយឃុបឃិតជាមួយសូរិយោដីស្រុកទៅវិញ រហូតមានការប្តឹងផ្តល់ ធ្វើឲ្យរូបគាត់ចាញក្តីយ៉ាងអយុត្តិធម៌។
អង្គភាពព័ត៌មាន Fresh News បានទាក់ទងទៅដើមបណ្តឹងជាច្រើនលើកច្រើនសារ ដើម្បីឲ្យមានការឆ្លើយតប ជុំវិញសាលក្រមខាងលើ ប៉ុន្តែខាងដើមបណ្តឹងមិនបានឆ្លើយតបវិញនោះទេ។
ប៉ុន្តែបើយោងតាមកំណត់ហេតុ ដែលអ្នកសារព័ត៌មានទទួលបានកាលពីម្សិលមិញ បានបញ្ជាក់ឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ឆេ ស៊ឺម បានលើកឡើងថា ដីខាងលើនេះជារបស់គាត់កាន់កាប់តាំងពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ គាត់បានឲ្យឈ្មោះ ម៉ា យីម ខ្ចីធ្វើផ្ទះ រហូតដល់ឆ្នាំ ១៩៨៧ គាត់បានគ្រប់គ្រងដីនេះវិញ ដោយរូបគាត់បានបើកដេប៉ូលក់ឈើ ។
ចំណែកនៅក្នុងចន្លោះ១៩៨៥ ដល់ ១៩៩១ សាលាឃុំបានខ្ចីដីរបស់គាត់ធ្វើសាលាមតេយ្យ នៅខាងមុខរោងលក់ឈើ របស់គាត់ ដល់ឆ្នាំ១៩៩០ គឺម្តាយរបស់ គាត់ បានសុំសាលាឃុំឲ្យរុះរើសាលាមតេយ្យនេះចេញវិញ។ សម្រាប់បញ្ហាការធ្វើប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះ ដើមបណ្តឹងឈ្មោះ ឆេ ស៊ឺម បានលើកឡើងថា គាត់បានឲ្យភូមិបាលវាស់វែងដែរ ប៉ុន្តែខាងសូរិយោដីមិនបានចេញប្លង់ឲ្យនោះទេ ដោយសំអាងថាស្តេចចូលស្រុក ។
ពាក់ព័ន្ធនឹងការធ្វើប័ណ្ណសំគាល់នេះ លោក ឈាង គីមអាង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ស្រុកបាធាយ បានថ្លែងថា ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ដែលហៅថាប្លង់ស្លាប គឺបានប្រកាសចេញ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ តាំងពីឆ្នាំ១៩៩២មកម្ល៉េះ គឺជាប័ណ្ណត្រឹមត្រូវពិតប្រាកដ ដែលប្រជាពលរដ្ឋនៅស្រុកបាធាយ បានទទួលប័ណ្ណនេះស្ទើគ្រប់ៗគ្នា ។
ចំណែកក្រុមការងារចុះវាស់វែង លោកឈាង គីមអាង បានបញ្ជាក់ថា ឈ្មោះ ឆេ ស៊ីម ពិតជាមិនវាស់វែងធ្វើប័ណ្ណ សំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះពិតប្រាកដមែន ព្រោះពេលនោះ ឆេ ស៊ីម បានមកប្រាប់គាត់ថា គាត់ដីនៅម្តុំនេះផងដែរ ពេលនោះរូបគាត់ (ឈាង គីមអាង) បានប្រាប់ថា បើចង់ប្តឹងគឺអាចប្តឹងបាន នៅពេលក្រុមការងារកំពុងវាស់វែង ឬនៅពេលកំពុងបិតប្រកាស ដែលមានសុពលភាពរយៈពេល១ខែទុកឲ្យតវា ប៉ុន្តែឈ្មោះ ឆេ ស៊ីម គឺពុំបានទៅប្តឹងនោះទេ រហូតដល់រយៈពេលជិត២០ឆ្នាំ ទើបឮឈ្មោះ ឆេ ស៊ីម មកប្តឹងផ្តល់គ្នាជាមួយឈ្មោះ ឡោ លន់ ទៅវិញ។
លោកស្រី យ៉ែម ឡឹង អាយុ៥៥ឆ្នាំ អ្នកភូមិ និងជាអ្នកជិតខាងរស់នៅជាប់របងផ្ទះជាមួយ លោកយាយ ឡោ លន់ បានប្រាប់ ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា «តាំងពីឆ្នាំ១៩៧៩មក ខ្ញុំឃើញតែលោកយាយ លន់ នៅលើទឹកនេះ រហូតមកតាំងពីគាត់មក ចាប់ដីរស់នៅ កាប់ឆ្ការព្រៃម្នាក់ឯង រហូតមដល់អាលូវហ្នឹង។ ខ្ញុំមិនដែលឃើញនរណាផ្សេងពីគាត់មករស់នៅឡើយហើយរហូត មកដល់អាលូវ មានគេមកយកដីពីគាត់ ខ្ញុំក៏មិនដឹងហេតុផលច្បាប់នោះទេ»។
ទាក់ទិននឹងបញ្ហាទំនាស់នេះ លោកស្រី ជួប សុគន្ធ មេឃុំផ្អាវ បានថ្លែងថា រូបគាត់ពុំបានដឹងទំនាស់ដីធ្លី រវាងឈ្មោះ ឆេ ស៊ីម និងឈ្មោះ ឡោ លន់នោះទេ ព្រោះមានរឿងក្តីក្តាំរវាងភាគីទាំងពីរ លោកស្រីពុំទាន់ឡើងជាមេឃុំនោះឡើយ។
សូមរំលឹកថា នេះជាលើកទី២ហើយ ដែលសាលាដំបូងខេត្តកំពងចាមបានចុះអនុវត្តន៍សាលក្រម លើដីដែលមាន ប័ណ្ណកម្មសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីលេខ I70129 ចុះថ្ងៃទី 22-9-192 របស់ឈ្មោះ ឡោ លន់ ដោយបំបែកចេញពីប័ណ្ណ កម្មសិទ្ធនេះក្នុងទំហំ ៤,៨X៤៣ម៉ែត្រ ត្រូវជាង១០០ការ៉េ នៅក្នុងទំហំសរុប៦៧៣ការ៉េ បន្ទាប់ពីការចុះអនុវត្តន៍សាល ក្រមលើកទី១មិនបានសម្រេច ព្រោះដោយហេតុថាភាគីចុងចោទ បានសង់រោងសម្រាប់លក់ដូរនៅទីនេះ អស់រយៈពេល ច្រើនឆ្នាំមកហើយ បច្ចុប្បន្នរោងនេះស្ថិតនៅលើដីចំណីផ្លូវរបស់រដ្ឋ ក្រោយពីមានការវាស់វែង នៅពេលដែលមានទំនាស់ រវាងភាគីទាំងពីរ ក្នុងប្រវែង២៥ម៉ែត្រ ចាប់ពីអ័ក្សកណ្តាលទ្រូងផ្លូវមក ចំណែកការចុះអនុវត្តន៍សាលក្រមលើកទី២ របស់ សាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ គឺគ្រោងចុះអនុវត្តន៍ទាំងដីដែលចាត់ទុកថា ដីដែលមានទំនាស់ នឹងដីចឹញ្ចើមផ្លូវតែម្តង៕