Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កឹម សុខា និងថ្នាក់ដឹកនាំ CNRP ចុះសួរសុខទុក្ខលោក នី ចរិយា នៅពន្ធនាគារ PJ នារសៀលនេះ

13-12-2016 15:56

(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងមន្រ្តីជាន់ខ្ពស់គណបក្សមួយចំនួនទៀត បានចុះជួបសួរសុខទុក្ខ លោក នី ចរិយា ជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅពន្ធនាគារ PJ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។

យោងតាម Facebook Page ផ្លូវការលោក កឹម សុខា បានបង្ហោះនៅមុននេះបន្តិចថា «ពន្ធនាគាររាជធានីភ្នំពេញរសៀលថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងខ្ញុំ បានទៅជួបសួរសុខទុក្ខ លោក នី ចរិយា ជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅពន្ធនាគាររាជធានីភ្នំពេញ(PJ)»

គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ លោក កឹម សុខា បានចូលសួរសុខទុក្ខមន្រ្តីអាដហុក៤នាក់ នៅក្នុងពន្ធនាគារព្រៃស។ មន្រ្តីអាដហុកទាំងនោះ ត្រូវបានជាប់ឃុំក្នុងសំណុំរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ លោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ។

មន្រ្តីអាដហុកទាំង៤នាក់នោះ រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតរបស់អាដហុក, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា និង លោកស្រី លឹម មុនី។ ក្រៅពីនោះ លោកក៏បានឆ្លៀតចូលសួរសុខទុក្ខ អ្នកស្រី ទេព វន្នី ដែលជាប់ពាក់ព័ន្ធនឹង រឿងហិង្សា នៅក្បែរវិមានឯករាជ្យកាលពីឆ្នាំ២០១៣ផងដែរ៕