(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោកផងដែរ ធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប ដែលបានពលីអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានគេប្រសិទ្ធនាមថា ជាឆ្មបសម្រាលទុក្ខលំបាកក្នុងសង្គម ដូចជាមេដឹកនាំល្បាញល្បីលើពិភពលោក «លោក សូក្រាត» ហើយថែមទាំងជាឆ្មបសម្រាលទារក ដូចម្តាយរបស់ «លោក សូក្រាត» ផងដែរ។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ជាថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រសូតចេញពីត្រកូលកសិករក្នុងភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នា ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤។ មានលោកឪពុកឈ្មោះ លីន គ្រី (ទទួលមរណភាព) និងអ្នកម្តាយឈ្មោះ ប៊ុន ស៊ាងលី មានបងប្អូន ៦នាក់ ស្រី២នាក់។
វ័យវឌ្ឍនាការរបស់កុលធីតាខ្មែរលើទឹកដីជនបទរូបនេះ មិនបានទទួលនូវអ្វីជាការចង់បានរបស់យុវវ័យទូទៅ គួរនឹងទទួលបានមានដូច ជា ការក្រេបជញ្ជក់យកចំណេះវិជ្ជា និងភាពសប្បាយរីករាយដូចពេលបច្ចុប្បន្ននោះឡើយ។ ផ្ទុយទៅវិញ ក្នុងយុវភាព របស់យុវនារី ប៊ុន រ៉ានី ត្រូវបានញ៉ាំញីដោយទុក្ខលំបាកក្នុងគ្រាប្រទេសជួបកលយុគ ហើយក៏មិនបានមានឱកាសនៅអង្គុយក្រេបជញ្ជក់យកចំណេះដឹងឲ្យ បានខ្ពង់ខ្ពស់នោះដែរ។ យុវនារី ប៊ុន រ៉ានី បានបញ្ចប់ការសិក្សាត្រឹមធម្យមសិក្សាប៉ុណ្ណោះ។
ក្នុងវ័យវឌ្ឍនាការ ដែលប្រទេសធ្លាក់ក្នុងភាពកលិយុគនេះ យុវនារី ប៊ុន រ៉ានី បានចូលប្រឡូកចលនាតស៊ូត្រឹមអាយុ ១៦ឆ្នាំប៉ុណ្ណោះ។ ពោលចលនាតស៊ូនេះ បានចាប់ផ្តើមនៅក្រោយពេល ដែលព្រះប្រមុខ ដ៏ល្បាញល្បីក្នុងសម័យសង្គមរាស្រ្តនិយម ព្រះបរម រតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានក្រុមលោកសេនាប្រមុខ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើរដ្ឋប្រហារទម្លាក់ពី តំណែងនៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០។
ចលនាតស៊ូ ដែលធ្វើឡើងតាមព្រះរាជបន្ទូលអំពាវនាវរបស់ព្រះមហាវីរក្សត្រខ្មែរ បានធ្វើឲ្យជីវិតយុវនារី ប៊ុន រ៉ានី លះបង់អស់សេចក្តី សុខ និងសេចក្តីត្រូវការក្នុងយុវភាព ហើយត្រូវបានផ្លាស់ទីក្នុងព្រៃស្ទើរគ្រប់ទីកន្លែងជាមួយកម្លាំងចលនាតស៊ូ ដោយរំពឹងអាចដណ្តើម និងរំដោះប្រទេសកម្ពុជាថ្វាយព្រះមហាវីរក្សត្រ នរោត្តម សីហនុ វិញ។ តែផ្ទុយទៅវិញចលនាតស៊ូដណ្តើមប្រទេសពីលោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ សិរីមតៈ នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ មិនបានបំពេញសេចក្តីបំណង និងការរំពឹងអ្នកតស៊ូនោះឡើយ។
ការប្រឹងប្រែងពលីកម្លាំងកាយចិត្តក្នុងចលនាតស៊ូរំដោះប្រទេសជាតិ របស់កុលធីតាខ្មែរ ប៊ុន រ៉ានី រួមអ្នកស្រឡាញ់ និង ស្នេហាជាតិខ្មែរ រាប់ពាន់ រាប់ម៉ឺននាក់ទៀត ត្រូវធ្លាក់ក្នុងក្តីអស់សង្ឃឹម ត្បិតសមិទ្ធផល នៃការតស៊ូ ត្រូវបានក្តោបក្តាប់ដោយបុគ្គលមួយក្រុម ដូចជា ប៉ុល ពត នួន ជាង ខៀវ សំផន អៀង សារី អៀង ធិរិទ្ធ...ទៅវិញ។
របបកម្ពុជាប្រជាធិបតេយ្យ បានធ្វើឲ្យយុវនារី ប៊ុន រ៉ានី និង ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ត្រូវរស់រងគ្រោះជាថ្មីក្នុងស្បៃអន្ធិកាដ៏ខ្មៅងងឹត និងមហាសែនលំបាក។ ទោះជាយ៉ាងណាជីវិតរបស់កុមារី ប៊ុន រ៉ានី ក្នុងរបបពលពតនេះ ប្រៀបបាននឹងការជួប «ពន្លឺ ក្នុងគ្រាអន្ធិកា»។ «ពន្លឺ ក្នុងគ្រាអន្ធិកា» ត្បិតថាជីវិតរបស់យុវនារី ប៊ុន រ៉ានី ជួបការលំបាក តែរបបនេះ ក៏ជាវេលាបាននាំឲ្យយុវនារីរូបនេះ បានជួបជាមួយ បុរសកំពូលដួងចិត្ត គឺយុវជន ហ៊ុន សែន។
តែជីវិតអាពាហ៍ពិពាហ៍ជាក្រុម (១៣គូ) របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី៥ ខែ មករា ឆ្នាំ១៩៧៦ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបន្សល់នូវភាព ដ៏ល្វីងជូរចត់ជាច្រើន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រ Facebook របស់សម្តេចកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ថា ជីវិតស្នេហារបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាឧត្តមភរិយា បានហែលឆ្លងកាត់ភាពលំបាកវេទនា និងដំណក់ទឹកភ្នែករាប់លានដំណក់ ហើយក៏មិនដែល នឹកស្មានថា មានជីវិតមកដល់បច្ចុប្បន្ននេះផងដែរ។
សម្តេចបានរំលឹកយ៉ាងដូច្នេះ «ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំ និងភរិយាខ្ញុំបានឆ្លងកាត់ គឺពុំគួរឱយជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វ ថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ដែលយើងត្រូវតស៊ូផ្ដួលរំលំវា ដោយយកជីវិតធ្វើដើម ទុនមិនមែនជារឿងសាមញ្ញនោះឡើយ»។ «ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ។ ស្លាប់កូនទី១ និង បែកគ្នា ក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ ៥ខែ រហូតជួបគ្នាជាថ្មីដែលកូនហៅខ្ញុំ ថាពូរយៈពេល២ខែ សុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ ខ្ញុំ និង ភរិយាប៉ុណ្ណោះទេ តែនេះជារឿងរ៉ាវដែលបានកើតឡើង សម្រាប់ប្រជាជនទូទាំងប្រទេស»។
សម្តេចបានរំលឹកនូវភាពល្វីងជូរចត់នេះទៀតថា «ទុក្ខស្រីប្តីព្រាត់បានផ្តល់ឲ្យខ្ញុំ និង ភរិយា ធ្លាក់មកនូវទឹកភ្នែករាប់លានដំណក់ តែទឹក ភ្នែកនេះ ក៏នាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជននៅទូទាំងប្រទេសរាប់ទាំងក្រុមគ្រួសារខ្ញុំដែរ»។
ក្រោយរបបអាវខ្មៅ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ របស់ ប៉ុល ពត ត្រូវបានវាយប្តួលរំលំ ដោយក្រុមចលនាតស៊ូរណសិរ្សសាមគ្គីសង្រ្គោះជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមចំណែកក្នុងយុទ្ធនាការ ដ៏ឧត្តុង្គឧត្តម ជួយស្រោចស្រង់ និងស្តារកម្ពុជាចេញពី គំនរផេះផង់ ជាមួយឧត្តមស្វាមីសម្តេចតេជោ ហ៊ុន សែន តាមរយៈសកម្មភាពមនុស្សធម៌ និង ការអប់រំ។
ក្នុងពិធីទទួលគោរម្យ៍ងារជា «កិត្តិព្រឹទ្ធបណ្ឌិត» ពីស្ថាប័នរាជបណ្ឌិរ្យសភាកម្ពុជា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត បានរំលេចនូវ សមិទ្ធផលជាច្រើន ដែលជាសមិទ្ធផល នៃកិច្ចប្រឹងប្រែងក្នុងបុព្វហេតុបម្រើប្រជាជន និង មាតុភូមិជាទីស្រឡាញ់ បំផុត ដើម្បីឆ្លើយតបសកម្មភាពមនុស្សធម៌ ការលើកកម្ពស់ជីវភាព រស់នៅសុខុមាលភាពសង្គម ការការពារសេចក្តីថ្លៃថ្នូរ និង ការលើកកម្ពស់គុណតម្លៃមនុស្សជាតិ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីកម្ពុជាត្រូវបាន រំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៍នាថ្ងៃទី ៧ មក រា ឆ្នាំ ១៩៧៩ ខ្ញុំបានផ្តួចផ្តើមគំនិតបង្កើត និង ជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រា ដែលគ្មានទីពឹង ដើម្បីឲ្យក្មួយៗទាំងអស់នោះបានទទួលការសិក្សា អប់រំ ថែទាំសុខភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ជាក់ស្តែងចាប់តាំងពី ឆ្នាំ ១៩៩៦ មក ខ្ញុំបានដឹកនាំបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍជាច្រើន ដែលបានរួមចំណែកដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្តារនីតិសម្បទាចំពោះជនងាយរងគ្រោះ ឲ្យមានចំណេះដឹងចំណេះធ្វើ និងជំនាញច្បាស់លាស់ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត និង លើកកម្ពស់ជីវភាពគ្រួសារក្នុងសង្គមផងដែរ»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានចូលកាន់តំណែងជាអនុប្រធានទី១ កាកបាទក្រហមកម្ពុជា អាណត្តិទី១ (១៩៩៤-១៩៩៨) ហើយ បានក្លាយជាប្រធាន កាកបាទក្រហមកម្ពុជា នៅអាណត្តិទី២, ៣, ៤ និងទី៥ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។ រយៈពេល ១៧ឆ្នាំ នៃការដឹកនាំកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រង និងដោះស្រាយប្រកដោយប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុមនុស្សធម៌ ពោលបានប្រឹងប្រែងកៀងគរជំនួយមនុស្សធម៌ ចុះជួយ សង្រ្គោះប្រជាពលរដ្ឋ ជាជនចាស់ជរាគ្មានទីពឹង ក្មេងអនាថា ជនផ្ទុកមេរោគអេដស៍ ជនរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ នៅគ្រប់ ទីកន្លែង ដោយមិនមានការប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ ពោលទីណាមានទុក្ខលំបាក និង មានប្រ ជាពលរដ្ឋរងគ្រោះ តែងមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានតាមដានជាប់ជា និច្ចតាមប្រព័ន្ធព័ត៌មាននានា ដើម្បីស្វែងរកជនរងគ្រោះជួបការលំបាក ហើយក៏ចាត់ឲ្យមន្រ្តីរបស់ខ្លួន ចេញ សង្រ្គោះបន្ទាន់ផងដែរ។
មិនត្រឹមតែពលរដ្ឋកម្ពុជានោះឡើយ សូម្បីប្រជាពលរដ្ឋនៅបណ្តាប្រទេសលើពិភពលោក ដែលជួបគ្រោះមហន្តរាយបណ្តាលមកពីគ្រោះ ធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ឬរញ្ជួញដីជាដើមនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានចូលរួមវិភាគទាន ដើម្បីជួយសង្រ្គោះជាតិ ដល់ជនរងគ្រោះទាំងនោះផងដែរ។
ជារួមឈានមកដល់វ័យ ៦៣ឆ្នាំ (១៥ ធ្នូ ១៩៥៤-១៥ ធ្នូ ២០១៦) សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានពលីកម្មយ៉ាងធំធេង ដើម្បីសង្រ្គោះប្រជាពលរដ្ឋកម្ពុជា រាល់ពេលមានទុក្ខលំបាក។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាភរិយាគំរូ ជាមាតាគំរូ ជាជីដូនគំរូ នៃស្រ្តីខ្មែរទាំងឡាយ និងជាមនុស្ស ដ៏ឆ្នើមក្នុងសង្គមខ្មែរនិយាយដោយឡែក និង និយាយរួមជាមនុស្សកម្រក្នុងពិភពលោកផងដែរ ដោយសារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជាឆ្មបសម្រាលនូវទុក្ខលំបាក ក្នុងសង្គមដូចមេដឹកនាំល្បាញល្បីលើពិភពលោក «លោក សូក្រាត» ហើយថែមទាំងជាឆ្មបសម្រាលទារក ដូចម្តាយរបស់ «លោក សូក្រាត» ទៀត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ត្រូវបានគេប្រសិទ្ធនាមថា ជាស្រ្តីដ៏ឆ្នើមមួយរូប ក្នុងចំណោមស្រ្តីឆ្នើមៗ នៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា មានដូចជា ព្រះនាង លីវយី ព្រះនាងឥន្រ្ទទេវី និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថ កុសុមៈនារីរ័ត្ន។
តាមរយៈបេសកកម្មមនុស្សធម៌សង្រ្គោះមនុស្សជាតិនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបានគោរពងារ និងគ្រឿងឥស្សរិយយស ពីស្ថាប័នជាតិ និងពិភពលោកជាបន្តបន្ទាប់ មានដូចជា៖
១៖ មេដាយកិត្តិយសពីសមាគមជាតិកាកបាទក្រហម នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១។
២៖ គ្រឿងឥស្សរិយយស លើកកម្ពស់ពិភពលោកបេះដូងមានភាពតែមួយ ពីមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ ស្រ៊ីជិនម៉យ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១។
៣៖ គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ ប្រគល់ជូនដោយព្រះករុ ណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០០១។
៤៖ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ប្រគល់ជូនដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៥។
៥៖ គោរមងារ ឥស្សរិយយសថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦។
៦៖ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ ប្រគល់ជូនដោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោ ត្តម សីហមុនី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧។
៧៖ គ្រឿងឥស្សរិយយស ជាតូបកា ប្រគល់ជូនដោយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៧។
៨៖ សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សធម៌ ពីសាកលវិទ្យាល័យកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៨។
៩៖ សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យស្រ្តីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៩។
១០៖ សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្រ្ត ពីសាកលវិទ្យាល័យជីអ៊ុនជូ នៃសាធារណរដ្ឋកូរ៉េ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៩។
១១៖ ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍ ពីគណៈប្រតិភូ ជាន់ខ្ពស់ អង្គការសហប្រជាជាតិទទួលបន្ទុកការងារអេដស៍ និងជំងឺអេដស៍ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩។
១២៖ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក អប់រំសិក្សា ពីសាកលវិទ្យាល័យស៊ីឡា នៃសាធារណរដ្ឋកូរ៉េ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១០។
១៣៖ ទទួលបានគោរពងារជា កិត្តិព្រឹទ្ធបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១។
១៤៖ ទទួលបានគោរពងារជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣៕