(កំពង់ធំ)៖ លោក សុខ លូ អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសឲ្យអាជ្ញាធរក្នុងខេត្ត ឈប់យកថ្លៃភាស៊ីពីប្រជាពលរដ្ឋ និងអាជីវករ ដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីបន្តិចបន្តួច ដោយអនុលោមតាមបទប្បញ្ញត្តិជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងផ្សារនៅតាមទូទាំងប្រទេស។
ការប្រកាសយ៉ាងមុតមាំបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្រ្តីមន្ទីរជំនាញ អាជ្ញាធរក្រុង-ស្រុក-ឃុំ និងអ្នកដើរយកថ្លៃភាស៊ីតាមផ្សារនានា ក្នុងខេត្តកំពង់ធំ។
លោក សុខ លូ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ជាប្រចាំ ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបបំបាត់ការបង់ថ្លៃភាស៊ី និងការបង់ថ្លៃផ្សេងៗ។
លោកអភិបាលរង បានសង្កត់ធ្ងន់ទៅលើផ្សារស្ទោង និងផ្សារកំពង់ធំ ដែលតម្រូវឲ្យអ្នកវិនិយោគទាំងអស់ ត្រូវគិតគូពីសុខភាព អនាម័យ បរិស្ថាន ដែលធ្វើឲ្យប៉ះពាល់សុខភាពកុមារ ដែលសិក្សារៀនសូត្រ។ នៅពេលមានបុណ្យទាន មិនត្រូវយកភាស៊ីម៉ូតូ លើសពីសៀវភៅបន្ទុកដែលច្បាប់បានកំណត់នោះទេ។
លោកអភិបាលរង បានស្នើដល់អាជ្ញាធរក្រុង-ស្រុក ពេលត្រឡប់ទៅវិញត្រូវចុះត្រួតពិនិត្យជាបន្ទាន់ ប្រសិនបើពិនិត្យឃើញថា មិនប្រក្រតី ត្រូវរាយការណ៍មកខេត្តភ្លាម ដើម្បីឲ្យក្រុមការងារចុះទៅពិនិត្យ និងចាត់វិធានការជាបន្ទាន់៕