(ពោធិ៍សាត់)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី ក្នុងខួបលើកទី១០ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៦ ក្រោមប្រធានបទ «ពង្រឹងកិច្ចសហការ និងការគ្រប់គ្រងលំហូរ ទេសន្តរប្រវេសន៍ ដើម្បីប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ ការពារ បង្ក្រាប និងការផ្តន្ទាទោស»។
ពិធីនេះបានរៀបចំឡើងដោយអាជ្ញាធរខេត្តពោធិ៍សាត់ រួមជាមួយអង្គការដៃគូ ក្នុងនោះក៏មានការដើរដង្ហែជាក្បួនតាមដងផ្លូវមួយចំនួនក្នុងទីក្រុងពោធិ៍សាត់ ដែលជាសារមួយ ដើម្បីពញ្ញាក់ស្មារតីដល់មហាជនទូទៅ ឲ្យមានការចូលរួមទាំងអស់គ្នា ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
ទិវានោះត្រូវបានប្រារព្ធធ្វើឡើង នៅលើបូរីវប្បធម៌កោះសំពៅមាស ដោយបានការចូលរួមពីតំណាងអង្គការដៃគូ អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ១ពាន់នាក់ផងដែរ។
ថ្លែងនៅក្នុងទិវានោះ លោក ម៉ៅ ធនិន និងលោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា អំពើជួញដូរមនុស្សជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលកើតឡើងនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ បញ្ហានេះវាជះឥទ្ធពលយ៉ាងធ្ងន់ធ្ងរដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល។
លោក ម៉ៅ ធនិន និងលោកស្រី ជូ ប៊ុនអេង បានបន្តទៀតថា ម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជាយើងច្រើនធ្វើចំណាកស្រុកមកកាន់តំបន់ជាយដែន ឬប្រទេសដែលអភិវឌ្ឍន៍ដើម្បីរកការងារធ្វើ និងប្រកបរបរចិញ្ចឹមជីវិត ដែលការធ្វើចំណាកស្រុកដោយ ប្រថុយប្រថាននេះ ជាហេតុបង្កឲ្យមានបញ្ហាប្រឈមមួយចំនួន រហូតដល់ការស្លាប់បាត់បង់ជីវិត ទៀតផង។
កត្តាមួយដែលធ្វើឲ្យមនុស្សម្នាក់សហគមន៍មួយងាយរងគ្រោះដោយការជួញដូរ មនុស្ស និងអំពើហឹង្សា គឺមានមូលហេតុមកពីវិសមភាពយ៉េនឌ័រ ការចំលងនូវវប្បធម៌មិនល្អពីខាងក្រៅភាពក្រីក្រ ការកេងប្រវ័ញ្ចលើមនុស្សដូចគ្នា ពុំមានការទទួលខុសត្រូវ ពុំមានសីលធម៌ សុជីវធម៌ រវាងមនុស្សក្នុងសង្គម ក៏ដូចក្នុងគ្រួសារ កង្វះជម្រើសការងារក្នុងមូលដ្ឋានកំរិតយល់ដឹងឮចំណេះទូទៅ និងអំពីច្បាប់នៅទាប។
លោកអភិបាលខេត្ត និងលោកស្រីរដ្ឋលេខាធិការបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ណាស់ ដោយបានបង្កើតគណៈកម្មាធិការមួយរួមសហការជាមួយអង្គការជាដៃគូ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរនេះ ហើយជ្រើសរើសយកថ្ងៃទី ១២ ធ្នូជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាប្រឆាំងការជួញដូរមនុស្ស ចាប់ពីឆ្នាំ ២០០៧មកម្ល៉េះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់មហាជន និងកៀរគរការគាំទ្រ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាការលើកទឹកចិត្តផ្តល់កម្លាំងចិត្តដល់ជនរងគ្រោះទាំងឡាយ ឲ្យយល់អំពីគោលការណ៍សិទ្ធិទាំង១១របស់ខ្លួន ថ្វីត្បិតតែពួកគាត់ជាជនរងគ្រោះក៏ពិតមែន តែពួកគាត់មានសិទ្ធិសេរីភាព មានឱកាសស្មើភាព ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕