(កំពត)៖ កម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៣១៧ កោះស្លា បានចាប់វាយខ្នោះកូនប្រុស តិរិច្ឆានម្នាក់ ខណៈកំពុងកាន់កាំបិតដេញកាប់ម្តាយកាលពីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជារង និងជាប្រធានមន្ទីរយុត្តិធម៌ (អ.ហ)ខេត្តកំពត បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មានករណីហិង្សាក្នុងគ្រួសារ កើតឡើងនៅចំណុចភូមិ-ឃុំ កន្លែងឃាត់ខ្លួនជនល្មើសខាងលើ។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា បន្តថា ជនសង្ស័យ ឈ្មោះ ហៀក សីហា អាយុ២២ឆ្នាំ បានធ្វើសកម្មភាព ដោយយកកាំបិតដេញកាប់ម្តាយជាជនរងគ្រោះឈ្មោះហៀកធារ៉ា តែមិនបណ្តាលឱ្យរងរបួសទេ ពីព្រោះម្តាយ បានរត់គេចចូលទៅផ្ទះអ្នកជិតខាងឲ្យគេជួយអន្តរាគមន៍។
លោកវរសេនីយ៍ទោ បានបន្ថែមទៀតថា មូលហេតុដែលនាំឲ្យជនល្មើសរូបនេះ ដេញកាប់ម្តាយនោះដោយសារ ស្រវឹងស្រាជោគខ្លួន ហើយម្តាយស្តីប្រដៅបន្តិចបន្តួចមានចិត្តខឹងលុះមកដល់ថ្ងៃទី១២ម្សិលមិញ ទើបម្តាយជាជនរងគ្រោះ សម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅស្នាក់ការសន្តិសុខលេខ៣១៧ កោះស្លា។
បន្ទាប់ពីបានទទួលពាក្យបណ្តឹង កម្លាំង(អហ) ស្នាក់ការបានចុះទៅធ្វើការឃាត់ខ្លួន ជនល្មើសនិងវត្ថុតាង បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ បច្ចុប្បន្នមន្ទីរយុត្តិធម៌(អហ)ខេត្ត បាននិងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕