(ព្រះវិហារ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានចូលរួមជាអធិបតីភាព ក្នុងពិធីខួបលើកទី២៥ នៃការបង្កើតអង្គការ Halo Trust នៅកម្ពុជា ដោយលោកទេសរដ្ឋមន្រ្តី បានស្នើឲ្យម្ចាស់ជំនួយទាំងអស់ បន្តផ្តល់ជំនួយដល់អង្គការនេះថែមទៀត ដើម្បីបន្តសកម្មភាពជួយដល់ប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងពិធីនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយទាំងអស់ ដូចជា៖ សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ហូឡង់ អូស្រ្តាលី ដែលបានផ្តល់ជំនួយដលប្រតិបត្តិករអន្តរជាតិ Halo Trust ក្នុងរយៈពេល២៥ឆ្នាំ កន្លងមក។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ Halo Trust ដែលរយៈពេល២៥ឆ្នាំ កន្លងមកនេះ អង្គការកម្ទេចមីន និងគ្រាប់មិនទាន់ផ្ទុះ បានជាងកន្លះលានគ្រាប់ និងជួយប្រជាពលរដ្ឋចេញពីគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម បានជាង១លាននាក់។
លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះលោក អ៊ុត ចាន់ដា អភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្រ្តី អាជ្ញាធរក្នុងខេត្តព្រះវិហារ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសម្របសម្រួល និងបង្កលក្ខណៈងាយស្រូលដល់អង្គការ Halo Trust ក្នុងការបោសសម្អាត់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម ក្នុងខេត្តព្រះវិហារ៕