(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ នៅទីស្ដីការក្រសួងសុខាភិបាល ដើម្បីបំភ្លឺបន្ថែមជុំវិញ ករណីពុលស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សន្និសីទនេះ នឹងធ្វើឡើងនៅវេលាម៉ោង១០៖០០ព្រឹក នាទីតាំងបន្ទប់ប្រជុំនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល។ នេះបើតាមការបញ្ជាក់ពី លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។
សូមបញ្ជាក់ថា នាថ្មីៗនេះ នៅស្រុកទឹកផុស ខេត្តកំពុងឆ្នាំងមានករណីពុលស្រាស បណ្តាលឱ្យមានប្រជាពលរដ្ឋ ១៥នាក់ស្លាប់បាត់បង់ជីវិត និងជាង៦០នាក់រងរបួស ក្អួតចង្អោរ រហូតត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ករណីនេះ សមត្ថកិច្ច និងតុលាការក៏បានចាប់ឃុំខ្លួនម្ចាស់ទីតាំងផលិតស្រាសម្នាក់ នៅក្នុងស្រុកទឹកផុសនេះ ដែលពាក់ព័ន្ធនឹងករណីពុលខាងលើផងដែរ។ សមត្ថកិច្ចបានរិះគន់ថា ម្ចាស់ទីតាំងនោះបានផលិតស្រាសគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ៕