(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីចាប់ឆ្នោតជ្រើសរើសពូល ប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯក ពានរង្វាន់ SOCCER LEAGUE លើកទី៤ ឆ្នាំ២០១៦។

ពិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋានគារ ណាហ្គាវើលដ៍ ក្រោមវត្តមាន លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស សុខា ប្រធានគណៈកម្មការប្រតិបត្តិ SOCCER LEAGUE លើកទី៤ ឆ្នាំ២០១៦ លោក ម៉ៃ តុលា អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់ និងលោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធខេត្តព្រៃវែង។

ក្នុងនោះក៏មានការចូលរួមពី លោក Roland Bala អគ្គនាយកក្រុមហ៊ុនស្រាបៀរ Tiger Beer និងលោក ទុយ វិច្ឆិកា ប្រធានគណៈកម្មការអាជ្ញាកណ្ដាល SOCCER LEAGUE លើកទី៤ ឆ្នាំ២០១៦ ព្រមទាំងថ្នាក់ដឹកនាំ ស.ស.យ.ក ជាច្រើនទៀតផងដែរ។

សូមជំរាបថា ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯក ពានរង្វាន់ SOCCER LEAGUE លើកទី៤ ឆ្នាំ២០១៦នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ដែលមានក្រុមចូលរួមប្រកួតសរុបចំនួន៦០ក្រុម។

សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីប្រកួតបាល់ទាត់នេះឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា និងដើម្បីពង្រឹងស្មារតីសាមគ្គីភាពរវាងយុវជន និងយុវជនក្នុងសង្គម៕