(ភ្នំពេញ)៖ សភាពណិជ្ជកម្មកម្ពុជា នឹងរៀបចំជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជា និងគណៈប្រតិភូធុរកិច្ច នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្ដរជាតិចិន នាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៣៖០០នាទីរសៀល រហូតដល់ម៉ោង៦៖០០នាទីល្ងាច នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។
ជំនួបពាណិជ្ជកម្មនេះធ្វើឡើងក្នុងគោលបំណងបង្កើតទំនាក់ទំនងល្អរវាងស្ថាប័នទាំងពីរ លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ស្វែងយល់ពីបរិយាកាសសេដ្ឋកិច្ច និងឱកាសវិនិយោគនៃប្រទេសទាំងពីរ។
ក្នុងជំនួបពាណិជ្ជកម្មនេះ ក៏មានការចូលរួមពីសំណាក់គណៈប្រតិភូចិន ដឹកនាំដោយលោក ស៊ូ ពីង អនុប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មអន្ដរជាតិចិន ជួបពិភាក្សាជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំងសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្លាស់ប្ដូរយោបល់ និងស្វែងរកដៃគូរវិនិយោគលើវិស័យសក្ដានុពលនានា។ ក្នុងកិច្ចជំនួបនោះផងដែរភាគីទាំងពីរ នឹងធ្វើបទបង្ហាញស្ដីពីបរិយាកាសសេដ្ឋកិច្ច និងឱកាសវិនិយោគនៃប្រទេសនីមួយៗ ដើម្បីជាព័ត៌មានមូលដ្ឋានសម្រាប់គណៈប្រតិភូនៃប្រទេសទាំងពីរ។
នាឱកាសនោះភាគីទាំងពីរនិងចុះហេត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងគោលបំណងរួមគ្នាសិក្សាពីស្ថានភាពសេដ្ឋកិច្ច ប្រទេសទាំងពីរនិងអនុវត្តន៍សកម្មភាព ប្រកបដោយប្រសិទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍ធុរកិច្ច រួមមានការផ្សព្វផ្សាយជាសាធារណៈ ការរៀបចំទស្សនកិច្ចទៅវិញទៅមក ការរៀបចំពិព័រពាណិជ្ជកម្ម និងការប្រឹក្សាផ្នែកធុរកិច្ច/ពាណិជ្ជកម្ម ដើម្បីជាមធ្យោលបាយក្នុងការសម្រេច បាននូវផលប្រយោជន៍រួម៕