(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រយៈពេល ១១ខែ ឆ្នាំ២០១៦នេះ សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរក្នុងស្ថានភាពស្រវឹង បានចំនួន ៥៩៤នាក់ នៅទូទាំងប្រទេស។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានលើកឡើងបែបនេះ ខណៈលោកចូលរួមចុះហត្ថលេខាលើអនុស្សារណៈយោគគ្នារវាងក្រសួងសា ធារណការ និងដឹកជញ្ជូន ជាមួយអង្គការ APIWSA ដើម្បីធ្វើ​យុទ្ធនាកា​រ​អប់រំពីសុវត្ថិភាពចរាចរណ៍នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់ឲ្យដឹងថា «អ្នកបើកបរក្រោមស្ថានភាពស្រវឹងគិតពីដើមឆ្នាំរហូតមកដល់ ពេលនេះសរុប១១ខែ ឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាល បានត្រួតពិនិត្យទូទាំងប្រទេស ឃាត់ខ្លួនបាន៥៩៤នាក់ ពាក់ព័ន្ធនឹងការទទួលទានមានជាតិស្រវឹង»

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបន្ថែមថា «ប្រជាពលរដ្ឋដែលទទួលទានគ្រឿងស្រវឹង និងបើកបរក្នុងស្ថានភាពស្រវឹង ចាប់ពី ០.៤មីលីក្រាមក្នុង ១លីតខ្យល់ឡើងទៅ ត្រូដាក់ពន្ធនាគារពី១ខែ ដល់៦ខែ។ នេះជាទោសទណ្ឌពាក់ព័ន្ធនឹងការ បើកបរក្នុងស្ថានភាពស្រវឹង»

គួរបញ្ជាក់ថា សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានបើកយុទ្ធនាការ ត្រួតពិនិត្យ ពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ គិតមកដល់ពេលនេះ យុទ្ធនាការបានប្រព្រឹត្តទៅរយៈពេលជិត១២ខែហើយ៕