(ភ្នំពេញ)៖ អតីតសង្សាររបស់កញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត គឺលោក គុយ សិទ្ធសក្តិ ដែលជាកូនមន្រ្តីនគរបាលមានអំណាចម្នាក់ បម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នឹងប្រឈមនឹងការនាំខ្លួនចូលមកតុលាការ ក្រោយមិនចូលបំភ្លឺនៅដំណាក់កាលចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ ករណីហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស ខណៈសាមីខ្លួន កំពុងដង្ហោយរកយុត្តិធម៌ ដល់រូបនាង ដែលជាស្ត្រីទន់ខ្សោយ និងជាជនរងគ្រោះ នៅក្នុងសំណុំរឿងអតីតសង្សារទម្លាយរូបស្រាត ។
លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ គុយ សិទ្ធិសក្តិ នៅពេលឆាប់ៗនេះ។ ដីកាបង្គាប់ឲ្យនាំខ្លួនគឺអាចប្រើប្រាស់កងកម្លាំងសាធារណៈ។
សូមជំរាបថា លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅជនត្រូវចោទឈ្មោះ គុយ សិទ្ធិសក្តិ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសពាក់ស័ក្ដិ៤កន្លះ បម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោក គុយ ប៊ុនសន អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ឲ្យចូលបំភ្លឺនៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១២ ខែធ្នូកាលពីម្សិលមិញ ប៉ុន្តែលោក គុយ សិទ្ធិសក្តិ មិនបានចូលខ្លួននោះទេ។
សូមបញ្ជាក់ថា ជនត្រូវចោទ គុយ សិទ្ធិសក្តិ ជាប់ចោទពីបទ «ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ជាថ្មីម្ដងទៀត សម្រាប់តារាចម្រៀងស្រីវ័យក្មេង នាង វ៉ាន់ នីឡា បានលើកដៃសំពះទទូចដល់តុលាការ ក្រុងភ្នំពេញ ដើម្បីជួយរកយុត្តិធម៌ ដល់រូបនាង ដែលជាស្ត្រីទន់ខ្សោយ និងជាជនរងគ្រោះ នៅក្នុងសំណុំរឿងអតីតសង្សារទម្លាយរូបស្រាត ខណៈដែលបុគ្គលរូបនេះ នៅតែបន្តគេចវេស មិនព្រមចូលខ្លួនមកដោះស្រាយ តាមដីការកោះហៅរបស់តុលាការ ចំនួន៣លើក រួចមកហើយ។
កញ្ញា វ៉ាន់ នីឡា បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន តាមរយៈ Facebook របស់ខ្លួនពីចម្ងាយមកថា នាងកំពុងតែទន្ទឹងរងចាំ ថ្ងៃដែលមានយុត្តិធម៌ ចំពោះនាងយូរមកហើយ ព្រោះតែជនល្មើសនៅតែបន្តមានសេរីភាព ពុំបានទទួលទោសតាមអ្វីដែលខ្លួនបានប្រព្រឹត្តិ ហើយនាងសុំអង្វរដល់តុលាការ មេត្តាមានវិធានការក្ដៅបន្ថែមជាងនេះ ដើម្បីនាំខ្លួន លោក គុយ សិទ្ធិសក្តិ ដែលជាកូនអ្នកមានអំណាច អាងខ្នងឪពុក យកមកផ្ទន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕