(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង គណៈកម្មាធិការ អនុសាខាខណ្ឌ ក្រុមការងារកាកបាទក្រហមសង្កាត់ និងព្រះគ្រូចៅអធិការវត្តឬស្សីសាញ់ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ បាននាំយកអំណោយរបស់ កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤២គ្រួសារ នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
អំណោយដែលត្រូវយកទៅចែកជូនបងប្អូន ប្រជាពលរដ្ឋក្រីក្រទាំង៤២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រមា១) និងថវិកា៣ម៉ឺនរៀល។
ជាមួយគ្នានេះ ព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ បានឧបត្ថម្ភបន្ថែមក្នុង១គ្រួសារ ទេយ្យវត្ថុមួយកញ្ចប់ ដែលរួមមាន៖ ស្ករស ទឹកក្រូច តែ មី ធូប និងទៀនផងដែរ។
លោក នុត ពុធដារ៉ា បានផ្តាំផ្ញើរអំពីការយកចិត្តទុកដាក់របស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលជាជនក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ និងជនងាយរងគ្រោះនានា ព្រមទាំងពាំនាំការយកចិត្តទុកដាក់ពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាលតែងគិតគូដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនានាក្នុងមូលដ្ឋាន។
លោកអភិបាល ក៏បានផ្តាំផ្ញើឲ្យបងប្អូនទាំងអស់ ជាពិសេសលោកយាយលោកតាចាស់ៗ សូមថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីឲ្យមានសុខភាពល្អ អាយុយឺនយូរ បានបន្តមើលការ អភិវឌ្ឍរីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន៕\