(ភ្នំពេញ)៖ ក្រុមនិសិ្សតពេទ្យសិក្សាផ្នែកទន្ដបណ្ឌិត ជាច្រើនរយនាក់ ដែលតំណាងឲ្យនិស្សិតទាំងអស់ចំនួន១០៤០នាក់ មកពីសាកលវិទ្យាល័យ ពុទ្ធសាស្ដ្រ, សាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល (សាលាក្រហម) និងសាកលវិទ្យាល័យ អន្ដរជាតិ (IU) នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ដង្ហែញត្តិទៅដាក់គណៈរដ្ឋមន្ដ្រី និងបន្ដទៅរដ្ឋសភា ដើម្បីសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលគោលបំណងស្នើសុំធ្វើវិសោធនកម្ម មាត្រា៤ នៃច្បាប់ស្ដីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីកុំអនុញ្ញាតឲ្យទន្ដគិលានុបដ្ឋាន មានសិទ្ធិបើកបន្ទប់ថែទាំជំងឺមាត់-ធ្មេញឯកជន ដោយឯករាជ្យបាន ដោយឲ្យទន្ដគិលានុបដ្ឋាន ទៅបម្រើការងារនៅតាមន្ទីរពេទ្យរដ្ឋវិញ។
ក្រុមនិស្សិតផ្នែកទន្ដបណ្ឌិត បានលើកឡើងថា ពួកគាត់យល់ឃើញថា មាត្រា៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល អនុញ្ញាតឲ្យទន្ដគិលានុបដ្ឋាន មានសិទ្ធិ បើកបន្ទប់ថែទាំជំងឺមាត់-ធ្មេញឯកជន នឹងធ្វើឲ្យវិស័យទន្ដសាស្ដ្រ មានឱនភាពដែលផ្ទុយពីទិសដៅរបស់ រាជរដ្ឋាភិបាលក្នុងការពង្រឹង និងអភិវឌ្ឍន៍វិស័យសុខាភិបាល ព្រោះថាទន្ដគិលានុបដ្ឋាន ទទួលការបណ្ដុះបណ្ដាល ត្រឹមតែ៣ឆ្នាំ ដែលមិនគ្រប់បទដ្ឋាន នៃការប្រកប វិជ្ជាជីវៈទន្ដសាស្ដ្រដោយឯករាជ្យនោះទេ។
លោកគ្រូសាស្ដ្រាចារ្យ ដែលដឹកនាំក្រុមនិស្សិតមកដាក់ញ្ញត្តិនេះ បានថ្លែងយ៉ាងដូច្នេះថា «យើងសុំឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ ដោយសារថ្មីៗនេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យទន្ដគិលានុបដ្ឋាន បើកបន្ទប់ថែទាំមាត់-ធ្មេញ ហើយយើងបារម្មណ៍ថា គុណភាពនៃសេវាព្យាបាលធ្មេញអាចនឹងធ្លាក់ចុះ ដោយសារការអនុញ្ញាតហ្នឹង ព្រោះថាអាចនឹងមានកម្រិត២ផ្សេងគ្នា»។
លោកបន្ដថា «ប្រសិនបើក្រសួងអនុញ្ញាតទៅ ទន្ដគិលានុបដ្ឋាន ងាយនឹងធ្វើខុសដោយនៅពេលអនុវត្ត ពួកគាត់មិនដែលធ្វើតាមការកំណត់របស់ច្បាប់នោះទេ»។
មិនខុសគ្នាពីលោកគ្រូសាស្ដ្រាចារ្យ, និស្សិតសិក្សាផ្នែកទន្ដបណ្ឌិតម្នាក់ នៅសាកលវិទ្យាល័យពុទ្ធសាស្ដ្រ ឆ្នាំទី៥ បានលើកឡើងដែរថា «ពួកខ្ញុំជានិស្សិតសិក្សាទម្រាំបញ្ចប់ គឺប្រើរយៈពេល៧ឆ្នាំ ហើយពេលចប់៧ឆ្នាំ ត្រូវប្រឡងចេញថ្នាក់ជាតិទៀត នៅពេលប្រឡងជាប់ ត្រូវទៅចុះឈ្មោះជាសមាជិកគណៈទន្ដពេទ្យ នៅពេលចុះឈ្មោះហើយ ទើបអាចទៅសុំច្បាប់ពីក្រសួងសុខាភិបាល បើកបន្ទប់ថែទាំមាត់-ធ្មេញបាន»។
និស្សិតដដែលបន្ដថា «ប៉ុន្ដែថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញច្បាប់ថា ទន្ដគិលានុបដ្ឋានដែលសិក្សាត្រឹមតែ៣ឆ្នាំតែប៉ុណ្ណោះ អាចបើកបន្ទប់ថែទាំមាត់-ធ្មេញបាន ដោយគ្រាន់តែប្រឡងចេញថ្នាក់ជាតិជាប់ មិនបាច់ចាំចុះឈ្មោះ ជាសមាជិកគណៈទន្ដពេទ្យនោះទេ ពោលគឺទៅសុំច្បាប់ពីក្រសួងជាការស្រេច ដែលនេះហើយវាជាភាពអយុត្តិធម៌សម្រាប់ពួកខ្ញុំដែលខិតខំសិក្សារយៈពេល៧ឆ្នាំ»។
យ៉ាងណាមិញ នៅក្នុងញ្ញត្តិដែលបានដាក់ជូនគណៈរដ្ឋមន្ដ្រី និងរដ្ឋសភា បានបញ្ជាក់ថា ការអនុញ្ញាតឲ្យទន្ដគិលានុបដ្ឋានបើកបន្ទប់ថែទាំជំងឺមាត់-ធ្មេញ បង្ហាញពីភាពអយុត្តិធម៌ ដល់និស្សិតទន្ដសាស្ដ្រទាំងអស់ ដែលពួកគាត់ត្រូវឆ្លងកាត់ការប្រឡងប្រជែង ថ្នាក់ជាតិ ជាប់និទ្ទេសល្អ រៀនរយៈពេល៧ឆ្នាំ ធ្វើនិក្ខេបទឲ្យ បានជោគជ័យ និងមានការចុះឈ្មោះក្នុងគណៈទន្ដពេទ្យកម្ពុជាទើបមាន សិទ្ធិបើកបន្ទប់ព្យាបាលឯកជន។
ហេតុដូចនេះហើយ ក្រុមនិស្សិត ក៏ដូចជាក្រុមគ្រួសាស្ដ្រាចារ្យ សុំអំពាវនាវ ដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន មេត្តាអនុញ្ញាតឲ្យទន្ដគិលានុបដ្ឋាន មានក្របខណ្ឌរដ្ឋ ដែលអាចបម្រើការនៅតាមមណ្ឌលសុខភាពនានា ឬផ្ដល់ឱកាសឲ្យពួកគាត់បន្ដការសិក្សា រហូតដល់ថ្នាក់ទន្ដបណ្ឌិតតែម្ដង ជៀសវាងការអនុញ្ញាតឲ្យទន្ដគិលានុបដ្ឋានអាចបើកបន្ទប់ថែទាំ ដែលនាំឲ្យមានស្ដង់ដារ២ ខុសគ្នា។
នៅពេលដែលពួកគេដង្ហែញត្តិយកទៅដាក់នៅទីស្តីការគណៈរដ្ឋមន្រ្តី និងរដ្ឋសភានោគេសង្កេតឃើញមានមន្រ្តីបម្រើនៅស្ថាប័នទាំង២នេះ បានចេញមកទទួលយកផងដែរ៕