(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក LIU GUANGYUAN អគ្គនាយកនៃអគ្គនាយកដ្ឋាន កិច្ចការសន្តិសុខ ក្រៅប្រទេសរបស់ក្រសួងការបរទេសចិន បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសន្តិសុខ ការប្រឆាំងភេរវកម្ម និងការទប់ស្កាត់ឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណេត។
ការឯកភាពគ្នានេះ បានធ្វើឡើង ខណៈលោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យ គណៈប្រតិភូដឹកនាំ ដោយលោក LIU GUANGYUAN អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសន្តិសុខ ក្រៅប្រទេសរបស់ក្រសួងការបរទេសចិន ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០១៦នេះ។
លោក LIU GUANGYUAN បានជំរាបជូន លោកទេសរដ្ឋមន្ត្រី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូ មកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីធ្វើការជួបពិគ្រោះ ជាមួយភាគីកម្ពុជា ពាក់ព័ន្ធទៅនឹងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ ការប្រឆាំងនឹងភេរវកម្ម និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត ដែលស្របទៅតាមការព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។
ក្រៅពីការលើកឡើងខាងលើ លោក LIU GUANGYUAN ក៏បានជំរាបជូនទេសរដ្ឋមន្ត្រី អំពីលទ្ធផលផ្លែផ្កា នៃការជួបពិគ្រោះពិភាក្សា ផ្លាស់ប្តូរនូវពត៌មាន និងបទពិសោធន៍គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការប្រឆាំងនឹងភេរវកម្ម និងការទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត រវាងក្រុមការងាររបស់ភាគីចិន ជាមួយនឹងក្រុមការងារអន្តរក្រសួងរបស់កម្ពុជា នៅព្រឹកមិញនេះ ហើយនិងការព្រមព្រៀងរបស់ភាគីទាំងពីរ ក្នុងការបង្កើតឡើងនូវ យន្តការមួយ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យដ៏សំខាន់នេះ និងបានស្នើសុំការគាំទ្ររបស់ទេសរដ្ឋមន្ត្រី ក្នុងដំណើរការបង្កើតយន្តការនេះ។
លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃការពិភាក្សា រវាងក្រុមការងាររបស់ប្រទេស ទាំងពីរហើយបានសម្តែងនូវការគាំទ្រ ចំពោះការព្រមព្រៀង ក្នុងការបង្កើតឲ្យមានជាយន្តការសំរាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងទស្សនកិច្ចនៅប្រទេសចិន របស់ក្រុមការងារកម្ពុជា នៅឆ្នាំក្រោយ ដើម្បីបន្តកិច្ចពិភាក្សាបន្តទៀត៕