(សៀមរាប)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូលនៃក្រសួង ពាណិជ្ជកម្ម សាខាកាំកុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួម ចំណែកលើការការពារ សុវត្ថិភាពចំណីអាហារជូនដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយ មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យមើលទំនិញ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារពួក និងតាមផ្ទះនៅជុំវិញផ្សារពួក ស្ថិតក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប។
មន្រ្តីកាំកុងត្រូលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីបានធ្វើវិភាគបឋម ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់នៅតាមបណ្តា តូបមួយចំនួនរួមមាន អំបិលអ៊ីយ៉ូត ស្ពៃជ្រក់ សណ្តែកបណ្តុះ គុយទាវសរសៃតូច គុយទាវ សរសៃធំ សាច់ក្រក ប្រហុកសាច់ ប្រហិតសាច់គោ ស្ករត្នោត ផ្លែមៀនស្រស់ និងផ្លែទំពាំងបាយជូរស្រស់ រួចមក ជាលទ្ធផលគឺទទួលបាន លទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមាន សារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid , Sodium Hydrosulfite, Borax និង Formalin នៅក្នុងផលិតផលម្ហូបអាហារ ទាំងនោះឡើយ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងបន្តថា ចំពោះការពិនិត្យលើផលិតផលវេចខ្ចប់រួច និងផលិតផលម្ហូបអាហារកំប៉ុង ក្រុមការងារបានរកឃើញ ផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ហើយបានធ្វើកំណត់ដកហូតយកមករក្សាទុក ដើម្បីសុំគោលការណ៍ កំទេចចោលនៅពេលក្រោយ ។
ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖
_ ទឹកក្រូចដបជ័រចម្រុះ ផលិតនៅប្រទេសថៃ ចំនួន ៤៧ដប ។
_ ទឹកផ្លែឈើចំរុះ ដបជ័រចំណុះ ១.២៥០ml ចំនួន ២៩ដប ។
_ មីកញ្ចប់ម៉ាក win win ផលិតនៅប្រទេសវៀតណាម ចំណុះ ៥៨g ចំនួន ១១០កញ្ចប់ ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បាន ចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារ ធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ។
ទន្ទឹមនោះក្រុមការងារក៏បានថ្លែងសរសើរ និងអរគុណដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ចសហការល្អ និងដោយរីករាយ ជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់បណ្តាលមកពីផលិតផល ខូចគុណភាព ដោយបានស្ម័គ្រចិត្តផ្តល់ ដល់ក្រុមការងារ នូវផលិតផលខូចគុណភាព ទាំងអស់នោះ៕