Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចចម្រុះ បង្រ្កាបរថយន្តដឹកឈើ​មួយគ្រឿង នៅស្រុកឆ្លូង បម្រុងយកទៅលក់បន្ដ នៅខេត្តព្រៃវែង

13-12-2016 10:12

(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន​កម្លាំងនគរបាល សេដ្ឋកិច្ចស្រុកឆ្លូង សង្កាត់រដ្ឋបាលព្រៃឈើឆ្លូង ​ផ្នែករដ្ឋបាលព្រៃឈើឆ្លូង ប៉ូលីសប៉ុស្តិ៍រកាកណ្តាល ​និងអង្គការបរិស្ថានអភិរក្សសត្វព្រៃ បានបើកប្រតិបត្តិការបង្រ្កាប រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿង នៅស្រុកឆ្លូង ខេត្តក្រចេះ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

លោកនាយសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង បានឲ្យដឹងថា រថយន្តដឹកឈើល្មើសច្បាប់នេះ ត្រូវបានកម្លាំងប៉ូលីសប៉ុស្តិ៍រកាកណ្តាល និងអង្គការបរិស្ថានអភិរក្សសត្វព្រៃ ប្រដេញតាមតាំងពីចំណុចស្ពានពាមទេ នៃក្រុងក្រចេះរហូត ដល់ស្រុកឆ្លូង ទើបកម្លាំងរបស់លោក សហការជាមួយកម្លាំងចម្រុះ ឃាត់បានរថយន្តដឹកឈើល្មើសច្បាប់ មួយគ្រឿងនេះ បម្រុងលោតឆ័ត្រ ទៅលក់បន្តនៅខេត្តព្រៃវែង។

ក្រោយពីសមត្ថកិច្ចឃាត់បាននោះ ម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណទេ ព្រោះអ្នកបើកបរ និងម្ចាស់ឈើ បានរត់បាត់ស្ថិតនូវផ្លូវជាតិ៧៣ ក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

លោក​បន្ដ​ថា ឈើទាំងនេះ​ជាប្រភេទឈើក្រហមលេខ២ មិនទាន់ដឹងតួលេខទេព្រោះកម្លាំងរបស់លោក មិនទាន់ធ្វើការវាស់វែងរួច។ បច្ចុប្បន្នរថយន្តដឹកឈើល្មើសច្បាប់នេះ បានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង ដើម្បីចាត់ការតាមច្បាប់ រដ្ឋបាលព្រៃឈើ៕