(ឧត្តរមានជ័យ)៖ បុរសម្នាក់បើករថយន្ដ Luxes RX300 ដោយខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវកោង​ស្រាប់តែជ្រុលទៅបុកគោយន្ដកន្ដ្រៃ ពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះ២នាក់ រងរបួសធ្ងន់ស្រាល នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច​មុខវត្តសុវណ្ណមាលាឪឡោក ស្ថិតនៅភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល។

មន្ដ្រីនគរបាលចរាចរណ៍ បាន​ឲ្យដឹងថា រថយន្ដបង្កម៉ាក Luxes RX300 ពណ៌មាស ពាក់ស្លាកលេខបាត់ដំបង 2B-1355 បើកបរដោយបុរសម្នាក់ឈ្មោះ ជិន បូរ៉ា ​អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង។ រីឯភាគីគោយន្តកន្ត្រៃជនរងគ្រោះឈ្មោះ ម៉ែត ឈុត ភេទប្រុស អាយុ​៥០​ឆ្នាំ (រងរបួសធ្ងន់) និងអ្នករួមដំណើរត្រូវជាកូនប្រុសបង្កើតឈ្មោះ ឈុត សាវីត​ អាយុ១២ឆ្នាំ​(រងរបួសស្រាល)។

សមត្ថកិច្ចបន្តថា ករណីនេះកម្លាំងជំនាញ​បានចុះដល់កន្លែងកើតហេតុ ហើយជនបង្កបើកបររថយន្តរត់គេចខ្លួន ទើបកម្លាំងជំនាញ​សហការណ៍ជាមួយ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ តាមឃាត់ខ្លួនជនបង្កមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសណុំរឿងចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅ​ព្យាបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែកស្រុក៕