(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអនុញ្ញាតឱ្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចូលបំភ្លឺដើម្បីស្រាយចម្ងល់របស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ប៉ុន្តែទោះជាយ៉ាងណាការចូលបំភ្លឺថ្ងៃណានោះ មិនកំណត់ពេលច្បាស់លាស់ទេ។ នេះបើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។
លោក ឡេង ប៉េងឡុង បានពន្យល់ថា តាមលិខិតរាជរដ្ឋាភិបាលនោះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រូវចូលបំភ្លឺ នៅថ្ងៃព្រហស្បត្តិ៍ណាមួយ នៅអំឡុងសម័យប្រជុំរដ្ឋសភា។ ប៉ុន្តែលោកថា អគ្គលេខាធិការកំពុងធ្វើការរឿងនេះ ដើម្បីរៀបចំថ្ងៃណាមួយសម្រាប់ការចូលបំភ្លឺ។
សូមបញ្ជាក់ថា នាថ្មីៗនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចេញស្នើឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចូលបំភ្លឺអំពីភាពមិនប្រក្រតីមួយចំនួនជូនរដ្ឋសភា ពាក់ព័ន្ធនឹងការអនុវត្តការងារ នៅក្នុងក្រសួងសុខាភិបាល។
តាមលិខិតបង្ហាញថា ភាពមិនប្រក្រតីទាំងនោះ ក្នុងនោះមានភាពមិនប្រក្រតីក្រោមការទទួលខុសត្រូវរបស់ក្រសួង, ការផ្តល់សេវាមិនត្រឹមត្រូវនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន, វិធានការក្រសួងក្នុងការពង្រឹងគុណភាពជំនាញពេទ្យ និងការអនុវត្តក្រមសីលធម៌, ការចែកចាយ និងគ្រប់គ្រងសម្ភារពេទ្យ និងថ្នាំពេទ្យ, ការគ្រប់គ្រងមន្ទីរពេទ្យឯកជន និងរថយន្តសង្រ្គោះបន្ទាន់, ផែនការធានាបន្តនិរន្តរភាព នៃមន្ទីរពេទ្យគន្ធបុប្ផា កិច្ចការពារជនរងគ្រោះពីកំហុសគ្រូពេទ្យ និងការកេងប្រវ័ញ្ច, វិធានការរបស់ក្រសួងក្នុងការផ្តល់សេវាសុខភាព ដល់ពលរដ្ឋក្រីក្រឱ្យមានប្រសិទ្ធភាព ការគ្រប់គ្រងការផលិត និងការនាំចូលថ្នាំពេទ្យ និងការគ្រប់គ្រងឱសថថ្នាំពេទ្យក្លែងក្លាយ និងថ្នាំពេទ្យខូចគុណភាពជាដើម៕