(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ APIWSA បានបើកកិច្ចសហប្រតិបត្តិការរួមគ្នាផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋពីសុវត្ថិភាព នៃការបើកបរសម្រាប់ឆ្នាំ២០១៧ ព្រមទាំងបើកយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរផងដែរ។
កិច្ចសហការនេះបានចាប់ផ្តើមនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយមានការចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) រវាង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក Cyril Sayang នាយកអង្គការ APIWSA។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ បានឲ្យដឹងថា យុទ្ធនាការអប់រំប្រជាពលរដ្ឋពីសុវត្ថិភាពនៃការបើកបរនេះ នឹងមានការផលិតជាសារអប់រំទាក់ទងរឿងរ៉ាវជីវិត ដោយមានការចូលរួមសម្តែងពីតារាល្បីៗ។ សារអប់រំនេះ នឹងត្រូវផ្សព្វផ្សាយបញ្ជ្រៀងតាមសាលារៀន ថ្នាក់ឧត្តមសិក្សា ទីកន្លែងកម្សាន្ត ភោជនីយដ្ឋាន និងតាមប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ។
យុទ្ធនាការនេះ ក៏នឹងមានការផ្សព្វផ្សាយការយល់ដឹងអំពីសុវត្ថិភាពអ្នកបើកបរ ដោយប្រើប្រាស់ស្លាកសញ្ញាសុវត្ថិភាពចរាចរណ៍បិតភ្ជាប់ម៉ូតូរ៉ឺម៉ក កម្មវិធីសម្តែងល្ខោននៅថ្នាក់វិទ្យាល័យ បិតផ្សាយផ្ទាំងរូបភាពអប់រំនៅក្នុងភោជនីយដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ ការបោះពុម្ពផ្សាយ ផ្ទាំងប៉ាណូ និងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងក្នុងពីធីបើកយុទ្ធនាការនៅទីស្តីការក្រសួងសាធារណការ នាព្រឹកថ្ងៃនេះថា នៅកម្ពុជា គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានមនុស្សស្លាប់ នៅតាមដងផ្លូវយ៉ាងច្រើន ដែលភាគច្រើន នៃគ្រោះថ្នាក់ចរាចរណ៍ទាំងនោះកើតឡើងដោយសារតែ ខ្វះការយល់ដឹងជាសាធារណៈពីសុវត្ថិភាពចរាចរណ៍ និងការប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្តថា អត្រាគ្រោះថ្នាក់ចរាចរ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ និងផ្លាស់ប្តូរវាសនារបស់ប្រជាពលរដ្ឋគួរជាទីសោកសង្រេង។
លោកទេសរដ្ឋមន្រ្តី បានថ្លែងថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ «យើងទាំងអស់គ្នា ចាំបាច់ត្រូវសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ឧស្សាហកម្មសិល្បៈកម្សាន្ត វិស័យឯកជន និងដៃគូអភិវដ្ឍន៍របស់យើង ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់នៅកម្ពុជា ដោយសារគ្រោះថ្នាក់ចរាចរ»។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោកក៏កំពុងខិតខំប្រឹង ប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណា កាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរ ដែលបណ្តាលឲ្យមនុស្សរងរបួស និងបាត់បង់ជីវិតនៅក្នុងប្រទេសកម្ពុជា ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
លោក Cyril Sayang បានថ្លែងថា អង្គការ APIWSA មានក្តីរីករាយខ្លាំង ដែលមានឱកាសរួមសហការជាមួយកម្ពុជា ដើម្បីទប់ស្កាត់ បញ្ហាគ្រោះថ្នាក់ចរាចរនេះ។ «យើងខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ដែលមានឱកាសបានជួយដល់ប្រជាជនកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមនេះ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍។ ក្រុមហ៊ុនក្នុងវិស័យឯកជនមានភារកិច្ច ក្នុងការបរិច្ចាគជូនសង្គមវិញ តាមរយៈការអប់រំសាធារណជន ឲ្យមានការយល់ដឹងអំពីរបៀបទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ ហើយយើងខ្ញុំមានមោទនភាព ក្នុងការចូលរួមក្នុងយុទ្ធនាការទាំងមូល ដើម្បីកាត់បន្ថយការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរ»។
យោងតាមស្ថិតិរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០១៥ បានបង្កជា សោកនាដកម្មបណ្តាលឲ្យមនុស្សស្លាប់ និងរបួស១៣,៦៤៩នាក់៕