(ភ្នំពេញ)៖ ខណៈភ្ញៀវជាច្រើនកុះករ កំពុងចូលរួមពិសារភោជនីអាហារ និងមានការរាំរែកក្នុងពិធីមង្គលការមួយ ស្រាប់តែភ្ញៀវខាងកូនកម្លោះជាអ្នកចំងាយ បានប៉ះពាល់ពាក្យសំដីជាមួយភ្ញៀវខាងកូនក្រមុំ បង្កឲ្យមានការវាយតប់គ្នាមួយប្រ៉ាវ ធ្វើឲ្យភ្ញៀវក្នុងរោងការរត់ចែកជើងគ្នាព្រាតងើបចេញពីតុករៀងៗខ្លួន ព្រោះខ្លាចកែវ និងដបហោះមកត្រូវចេញពីក្មេងទំនើងទាំងពីរក្រុម វាយគ្នាខាងលើនេះ។
នៅពេលកើតហេតុកម្លាំងនគរបាលបានចុះទៅជួយអន្តរាគមន៍ ហើយឈានទៅដល់ការចាប់ខ្លូនមនុស្ស១៤នាក់ យកមកសួរនាំផងដែរ។
ហេតុការណ៍នេះកាលពីវេលាម៉ោង១០៖៤០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
អ្នកចូលរួមហូបការ បានឲ្យដឹងថា មុនដំបូង គឺភ្ញៀវខាងកូនកម្លោះបានឈ្លោះគ្នាជាមួយ អ្នកភូមិនៅទីនោះដែលជា ភ្ញៀវខាងកូនក្រមុំ រហូតបានប៉ះគ្នាមួយប្រ៉ាវផងដែរ តែត្រូវចាស់ៗឃាត់សម្រួលម្តងស្ងាត់ទៅវិញ។
ស្រាប់តែមកដល់ម៉ោងកើតហេតុ ដោយភ្ញៀវកូនកម្លោះ មិនទាន់អស់ចិត្តនិងកំហឹង បានទៅរករឿងគេម្តងទៀត ព្រមទាំងវាយបណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ហើយត្រូវបងប្អូននឹងអ្នកភូមិខាងកូនក្រមុំ ដេញបកទៅវិញ ដោយគេព្រួតគ្នាមកច្រើនពេក ក៏ខាងកូនកម្លោះ នាំគ្នារត់ចូលផ្ទះសាច់ញាតិខាងកូនកម្លោះ ព្រមទាំងចាក់សោរមិនឲ្យចូលទៀតផង។
ក្រោយមកដោយមានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ទើបលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានចាត់កម្លាំង ដឹកនាំដោយលោកអធិការរង បានទៅដល់កន្លែងកើតហេតុ ឡោមព័ទ្ធ និងចរចាឲ្យចេញមកដោះស្រាយគ្នា បើសិនជាមិនចេញ សមត្ថកិច្ចនឹងប្រើតាមជំនាញចូលទៅឃាត់ខ្លួនជនបង្កទាំងអស់នោះតែម្តង។
ក្រោយមកដោយមានការចរចាគ្នាជាងមួយម៉ោង ទើបជនបង្កទាំងនោះព្រមចេញមកប្រគល់ខ្លួនតាមសម្រួល បន្ទាប់មកសមត្ថកិច្ចបានយករថយន្តទៅដឹកជនបង្កទាំង១៤នាក់ រួមនិងម៉ូតូ៩គ្រឿង យកមកកាន់ផ្នែកជំនាញ ព្រហ្មទណ្ឌខណ្ឌ។
បច្ចុប្បន្នជនបង្ករទាំង១៤នាក់ កំពុងកសាកសួរសាងសុំណុំរឿង និងឃុំខ្លួនបណ្តោះអាសន្ន នៅផ្នែកជំនាញនៃអធិការដ្ឋាននគរបានខណ្ឌពោធិ៍សែនជ័យ រង់ចាំចាត់ការតាមនីតិវិធី៕