(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមកពីគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ដ្រីថៃ សន្យាថានឹងផ្ដល់ក្បាលរថភ្លើងមួយខ្សែមកកម្ពុជា សម្រាប់ប្រើប្រាស់ការជំរុញការបើកច្រកអន្ដរជាតិថ្មីមួយ និងឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង២។
ការថ្លែងបែបនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីដឹកនាំគណៈប្រតិភូកម្ពុជាមកពីទស្សនកិច្ច នៅប្រទេសថៃរយៈពេល៤ថ្ងៃ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូ បានបញ្ជាក់ថា លោកបានរំលឹកពីការសន្យាផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា នូវក្បាលរថភ្លើងមួយខ្សែ។
លោក បានឲ្យដឹងយ៉ាងដូច្នេះថា «ជំនួបរវាងសម្ដេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ដ្រី ប្រាយុទ្ធ ចាន់អូចា គឺមានការឯកភាពគ្នា២ចំណុចការផ្សាភ្ជាប់រវាងផ្លូវដែក របស់យើង ក្នុងនោះគឺព្រះរាជាណាចក្រថៃ សន្យានឹងផ្ដល់ជាក្បាលរទេះភ្លើងតែម្ដង»។ លោក ហ៊ុន ម៉ានី បន្ថែមថា «ក្នុងជំនួបជាមួយនាយករដ្ឋមន្ដ្រី ប្រាយុទ្ធ ចាន់អូចា ប្រមាណជាងមួយម៉ោងតែប៉ុណ្ណោះ តែអ្វីដែលឯកឧត្តម ប្រាយុទ្ធ ចាន់អូចា គាត់បានមានប្រសាសន៍ គឺក្បាលរទេះភ្លើងនេះនឹងបានក្នុងពេលឆាប់ៗ»។
ក្នុងនោះដែរលោកប្រធានគណៈប្រតិភូ បានថ្លែងថា លោកនាយករដ្ឋមន្ដ្រីថៃ ក៏បានសន្យាបន្ដផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាឲ្យបានមកសិក្សា ក្នុងប្រទេសថៃកាន់តែច្រើន និងបានស្នើឲ្យលោក ជួយគាំទ្រវិទ្យាស្ថានបច្ចេកវិទ្យា ដែលជាអំណោយរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ សុរិន្ទថន នៅខេត្តកំពង់ស្ពឺ។
ជាមួយគ្នានោះដែរ ក្នុងទស្សនកិច្ចនេះ លោក ហ៊ុន ម៉ានី ក៏បានជួបជាមួយសមាជិកសមាគមមិត្តភាពថៃ-កម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យសមាជិកគណៈប្រតិភូ បានជួបប្រាស្រ័យទាក់ទងជាមួយសហគ្រិនវ័យក្មេង ដើម្បីផ្លាស់ប្ដូរអំពីសក្ដានុពលវិនិយោគនៅក្នុងបណ្ដាលប្រទេសទាំង២។ លោក ហ៊ុន ម៉ានី បានស្នើឲ្យសហគ្រិនវ័យក្មេងនៅប្រទេសថៃ មកទស្សនកិច្ចសិក្សានៅកម្ពុជា ហើយស្វែងយល់បន្ថែម ក្នុងការវិនិយោគវិស័យផ្សេងៗនៅកម្ពុជា៕