(សៀមរាប)៖ ក្នុងក្របខ័ណ្ឌនៃនយោបាយ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងអាស៊ាន គឺរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានឯកភាពកំណត់នូវស្ដង់ដារមួយ ដល់គ្រប់ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ ត្រូវតែចូលរួមប្រឡងប្រណាំងនូវ «យន្ដការមួយ ចលនាមួយ» នៃទីក្រុងទេសចរណ៍ស្អាតអាស៊ាន នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ក្នុងឱកាសកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជន និងដៃគូពាក់ព័ន្ធនានា សម្រាប់ត្រីមាសទី៤ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា លទ្ធផលនឹងប្រកាសនៅឆ្នាំ២០១៨ នាទីក្រុងបាងកក ប្រទេសថៃ ហើយកម្ពុជាបានដាក់ទីក្រុងរបស់ខ្លួនចំនួន៧ ដើម្បីប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថាទីក្រុងទាំង៧ សម្រាប់ការចូលរួមប្រឡងប្រណាំងក្នុងព្រឹត្តិការណ៍នេះ គឺមាន ទីក្រុងសៀមរាប ទីក្រុងភ្នំពេញ ទីក្រុងព្រះសីហនុ ទីក្រុងកែប ទីក្រុងកំពត ទីក្រុងកំពង់ចាម និងទីក្រុងបាត់ដំបង ហើយលោកសង្ឃឹមជឿជាក់ថាទីក្រុងទាំងនេះនឹងទទួលបានជ័យជំនះ ផងដែរ៕