(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានចាត់ទុកថា លោក សម រង្ស៊ី ហាក់កំពុងផ្ញើសាររវើរវាយ បន្ទាប់ពីរដ្ឋសភាដកតំណែងថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភារបស់លោក ហើយដាក់ជំនួសដោយ លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងវិញ។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ដោយប្រតិកម្មទៅនឹងការប្រកាសទទួលស្គាល់ លោក កឹម សុខា ជាដៃគូសន្ទនាថ្មីជាមួយសម្តេចតេជោ ហ៊ុន សែន ជំនួសតំណែងរបស់លោក។

កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋសភាបានចេញសេចក្តីប្រកាសទទួលស្គាល់ សមាសភាពថ្នាកដឹកនាំក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិថ្មី ហើយក៏ទទួលស្គាល់ លោក កឹម សុខា ជាប្រធានក្រុមតំណាងរាស្រ្តនេះ និងជាប្រធានក្រុមមតិភាគតិច​ នៅក្នុងរដ្ឋសភាជំនួសតំណែង លោក សម រង្ស៊ី ផងដែរ។ ការប្រកាសទទួលស្គាល់ លោក កឹម សុខា និង ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តថ្មីរបស់បក្សនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើផ្លូវការ ពីគណបក្សសង្រ្គោះជាតិ។

នៅលើបណ្តាញសង្គម Facebook កាលពីម្សិលមិញ លោក សម រង្ស៊ី បានបង្ហោះសារដោយចាត់ទុកថា នេះជាការបំបែកបំបាក់លោកជាមួយនឹង លោក កឹម សុខា។ លោកបានអះអាងថា «សម រង្ស៊ី និង កឹម សុខា តំណាងឲ្យកិត្តិយស និងសេចក្តីសង្ឃឹមរបស់ប្រជារាស្ត្រខ្មែរ។ កុលបុត្រខ្មែរទាំង២នាក់នេះ បង្ហាញថា នៅមានកូនខ្មែរដ៏ឆ្នើម និងថ្លៃថ្នូរ ដែលដាច់ខាត មិនចាញ់សម្លុតគេ និងមិនលក់ខ្លួនឲ្យគេ។ នរណាដែលកំពុងប៉ុនប៉ងបំបែក សម រង្ស៊ី ពី កឹម សុខា គឺកំពុងតែយល់សប្តិសុទ្ធសាធ»

លោក សួស យ៉ារ៉ា បានប្រៀបប្រដូចសារនយោបាយរបស់ លោក សម រង្ស៊ី ពេលនេះថា កំពុងព្យាយាមការពារការទទឹកទឹកភ្លៀង ដែលកំពុងស្រោចស្របទៅលើគណបក្សសង្រ្គោះជាតិ។ លោកថា ក្រោយអស់តំណែងសំខាន់ៗ លោក សម រង្ស៊ី កំពុងក្លាយជាមនុស្សឯកោ ហើយរវើរវាយតែម្នាក់ឯង។

លោកថា «លោក សម រង្ស៊ី គ្រាន់តែជាទណ្ឌិកម្នាក់ តើអាចលើកដៃកាន់ឆ័ត្រប៉ុន្មាន ដើម្បីការពារមិនឱ្យទទឹកភ្លៀង? សូមផ្តាំជូនលោកទណ្ឌឹតវិញថា ការយល់សប្តិពិតប្រាកដរបស់លោក គឺមិនមែនការពារទឹកភ្លៀងមិនអោយប៉ះមកលើខ្លួននោះទេ គឺការបង្ហាញសារតាម ហ្វេសប៊ុក ចង់បញ្ជាក់ថា ហេតុអ្វីខ្ញុំអភ័ព្វតែម្នាក់ឯងនៅក្រៅឆាក និងកាន់តែឯកោមិនមានវីរភាពដូចលោក កឹម សុខា ទៅវិញ?»

លោកបានបន្ថែមថា «ទោះជាមិនយលសប្តិ ក៏បញ្ហាបានកើត ទោះមាន់មិនរងាវក៏ព្រះអាទិត្យនៅរះ ទោះជាមានឆ័ត្រក៏ទប់ភ្លៀងមិនបានទេ សូមលោកប្រធានមេត្តាភ្ញាក់ខ្លួនឡើងតាំងចិត្តអោយស្ងប់ និងមិនគួរផ្ញើរសារបែបរវើរវាយរំខានដំណើរការកសាងសង្គមប្រជាធិបតេយ្យរបស់កម្ពុជាទេ»

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ក្នុងពិធីអបអរដល់ទិវាសិទ្ធិមនុស្សអន្តរជាតិ បន្ទាប់ពីក្លាយជាដៃគូរបស់ ប្រមុខរាជរដ្ឋាភិបាលនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា បានបង្ហាញពីបំណងចង់ធ្វើការរួមគ្នា ជាមួយគណបក្សកាន់អំណាច ដើម្បីនាំមកនូវសេចក្តីយូរអង្វែងជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា។

អ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថា តួនាទីថ្មីរបស់ លោក កឹម សុខា នឹងធ្វើឱ្យលោកកាន់តែមានប្រជាប្រិយភាព និងឥទ្ធិពលខ្លាំងឡើងនៅក្នុងគណបក្សសង្រ្គោះជាតិ ក៏ដូចជានៅក្នុងឆាកនយោបាយកម្ពុជា។ តួនាទីនេះធ្វើឱ្យលោក កឹម សុខា មានសិទ្ធិអំណាច ក្នុងការពិភាក្សាបញ្ហាផ្សេងៗទាំងបញ្ហាជាតិ ទាំងបញ្ហាគណបក្សជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ហើយមានឋានៈស្មើ នាយករដ្ឋមន្រ្តីថែមទៀត។ ចំណែកប្រជាប្រិយភាព និងឥទ្ធិពលរបស់លោក សម រង្ស៊ី វិញអាចនឹងបាត់បង់បន្តិចម្តងៗ រហូតដល់គេបំភ្លេចចោលក៏ថាបាន ដោយសារតែលោកនៅក្រៅប្រទេស ឆ្ងាយពីបក្សរបស់ខ្លួនផង និងបាត់បង់តួនាទីសំខាន់នានា៕