(ភ្នំពេញ)៖ នៅប្រមាណម៉ោង៧៖០០យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ អ្នកសារព័ត៌មានខ្មែរ និងអ្នកសារព័ត៌មានឥណ្ឌា បាននិងកំពុងជួបជុំគ្នា ដើម្បីទទួលទានអាហាររួមគ្នា នៅលើទូកតាមដងទន្លេមេគង្គ។ ពិធីនេះត្រូវរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។ លោកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីនេះដែរ។
ពិធីនេះត្រូវបានធ្វើឡើងដើម្បីដោះដូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងអ្នកសារព័ត៌មាននៅកម្ពុជា ជាមួយនឹងអ្នកសារព័ត៌មានឥណ្ឌា។ ជាមួយគ្នានេះ ក៏ដើម្បីរឹតចំណងមិត្តភាពរវាងវិស័យព័ត៌មានប្រទេសទាំងពីរផងដែរ។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជេីញចូលរួមកម្មវិធីនេះ។
ចំណែកអ្នកសារព័ត៌មានវិញ ក្រៅពីមន្រ្តីក្រសួងព័ត៌មាន គេឃើញមាន លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News រួមទាំងតំណាងកាសែតមួយចំនួនទៀត៕