(ភ្នំពេញ)៖ ឧត្តមសេនីយ៍ ៣រូបទៀតនៅក្នុងស្ថាប័នកងកម្លាំងសមត្ថកិច្ច បានប្រកាសផ្តល់ថវិកា ១៥លានបន្ថែមពីលើប្រាក់រង្វាន់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃចំនួន ២០លានរៀល ដល់ប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មានដល់កងកម្លាំងអាវុធហត្ថពីជនដៃដល់ បាញ់សម្លាប់នារីជាសង្សាររបស់ខ្លួននៅក្នុងផ្ទះសំណាក់ «សារីធំ» ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ឧត្តមសេនីយ៍ ៣រូប ដែលបានចេញមកប្រកាសគាំទ្រ ចំណាត់ការរបស់នាយឧត្តមសេនីយ៍ សៅ សុខា ហើយបានផ្តល់រង្វាន់បន្ថែមដល់ប្រជាពលរដ្ឋ ប្រាប់ព័ត៌មានរបស់ជនល្មើសនេះរួមមាន៖
១. ឧត្តមសេនីយ៍ឯក រុន រត័្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ
២. ឧត្តមសេនីយ៍ឯក ឈន សាណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ
៣. ឧត្តមសេនីយ៍ទោ ជោត ហួត នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
សូមបញ្ជាក់ថា នារីម្នាក់ត្រូវបានសង្សារជាជនដៃដល់ដឹកមកដេកនៅផ្ទះសំណាក់ «សារីធំ» ជួលនៅបន្ទប់លេខ៤០៤ ជាន់ឡៅតឿ រួចបាញ់ប្រហារបណ្តាលឲ្យធ្លាយគ្រាប់ភ្នែក ស្លាប់ភ្លាមៗតែម្តង ប៉ុន្តែមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ខណ:ជនដៃដល់រត់គេចខ្លួនបាត់។ ករណីបាញ់ប្រហារខាងលើនេះ បានកើតឡើងនាម៉ោង១២៖៤០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ហេតុការណ៍ឃាតកម្មនេះ មានការអះអាងថា ជនដៃដល់ មានតួនាទីជាមន្រ្តីកងរាជអាវុធហត្ថ តែត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ហើយថា ឈ្មោះជនដៃដល់មិនមានក្នុងបញ្ជីឈ្មោះកងរាជអាវុធហត្ថនោះឡើយ។
នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់អង្គភាព Fresh News ដោយបញ្ជាក់យ៉ាងច្បាស់ៗថា កងរាជអាវុធហត្ថជាកម្លាំងអនុវត្តន៍ច្បាប់ មានតួនាទីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្រាវជ្រាវ និងបង្ក្រាបបទល្មើស ហើយគ្មានហេតុផលអ្វីទៅលាក់បាំងជនល្មើសឬឧក្រិដ្ឋជននោះឡើយ។ អាវុធហត្ថស្ទើរទាំងអស់មានឯកសារសម្រាប់គ្រប់គ្រងផ្ទៃក្នុង។
នាយឧត្តមសេនីយ៍ បញ្ជាក់ដូច្នេះ «ខ្ញុំបញ្ជាឲ្យជំនាញអធិការកិច្ចធ្វើការផ្ទៀងផ្ទាត់រវាងឯកសារ និងព័ត៌មានដែលទទួលបានតាមរយៈ camara សន្តិសុខ និង សាក្សី ទន្ទឹមនិងនោះ ក៏បញ្ជាឲ្យការិយាលយ័បុគ្គលិកធ្វើការត្រួតពិនិត្យឈ្មោះ ដែលប្រើឯកសណ្ឋានកងរាជអាវុធហត្ថកាត់ខ្លួនឯងខុសអនុក្រឹត្យកំណត់នេះ តើមានឈ្មោះក្នុងបញ្ជីគ្រប់គ្រង ឬអត់ និងបញ្ជាការិយាលយ័ជំនាញស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌធ្វើការស្រាវជ្រាវបង្ក្រាបករណីនេះឲ្យខាងតែបាន»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងនោះអ្នកស្រឡាញ់ និង គាំទ្រកីឡាបាល់ទាត់ ដែលរូបខ្ញុំផ្ទាល់ជាប្រធាន សូមមេត្តាចូលរួមសហការផ្តល់ព័ត៌មានឲ្យកម្លាំងកងរាជអាវុធហត្ថនៅគ្រប់កន្លែងទូទាំងប្រទេស ដើម្បីឈានទៅចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់កងរាជអាវុធហត្ថ និងជូនរង្វាន់លើកទឹកចិត្តចំនួន ២០.០០០.០០០ រៀល ដល់អ្នកចូលរួមសាហការណ៍ ដើម្បីបង្ក្រាបករណីមួយនេះ។
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាក់ដែរថា ក្នុងអាណត្តិជាមេបញ្ជាការ លោកធ្លាប់សម្រេចចិត្តបណ្តេញចេញពីកងរាជអាវុធហត្ថ ចំពោះបុគ្គលិក ដែលមិនគោរពច្បាប់បំពានវិន័យកងទព័រាប់រយនាក់ ជាពិសេសអ្នកប្រើប្រាស់គ្រឿងញៀន កាន់ និងប្រើប្រាស់អាវុធខុសច្បាប់ ការរំលោភដីធ្លី ការពាក់ព័ន្ធនិងបទល្មើសធនធានធម្មជាតិ ។ល។ ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ដល់ការងារអបរំហ្វឹកហ្វឺនរៀនសូត្រ។
លោក សៅ សុខា បានបញ្ជាក់ដែរថា អ្វីដែលលោកលើកឡើងនេះ មិនមែនជាដោះសារគេចចេញពីការទទួលខុសត្រូវនោះទេ។ លោកថា ការចាប់ជនល្មើសមិនទាន់បាន គឺជាការទទួលខុសត្រូវដ៏ខ្ពស់មួយរបស់មេបញ្ជាការកងរាជអាវុធហត្ថ។
ពាក់ព័ន្ធករណីឃាតកម្មនេះដែរ អ្នកមើលការខុសត្រូវផ្ទះសំណាក់ខាងលើ បានប្រាប់ថា មុនកើតហេតុជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ស្លាកលេខ 4399 មកជួលបន្ទប់ខាងលើ ដើម្បីស្នាក់នៅ គឺមួយខែអ្នកទាំងពីរ មកជួលស្នាក់នៅ២ទៅ៣ដង។ តែនៅយប់កើតហេតុនេះ នៅម៉ោងខាងលើមានឮសំឡេង ផ្ទុះអាវុធមួយគ្រាប់ ស្រាប់តែឃើញជនសង្ស័យ បានចុះមកក្រោមវិញតែម្នាក់ឯង។ ភ្លាមៗនោះសន្តិសុខ ដែលយាមនៅផ្ទះសំណាក់បាននាំគ្នាឃាត់ តែជនសង្ស័យនៅតែចេញបាន ប្រតាយប្រតប់គ្នាផងដែរ តែដោយសារជនសង្ស័យមានអាវុធខ្លី នៅនឹងចង្កេះទើបសន្តិសុខ មិនហ៊ានឃាត់តទៅទៀត ខ្លាចជននោះបាញ់ថែម ទើបជនសង្ស័យរូបនោះ មានឱកាសយកម៉ូតូជិះចេញពីកន្លែងកើតហេតុ រួចគេចខ្លួនបាត់ស្រមោល៕