(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រាប់ក្រុមអ្នកព័ត៌មានឥណ្ឌាថា កម្ពុជា មានសក្តានុពលជាច្រើនសម្រាប់ការ វិនិយោគ ហើយក៏ចង់ឃើញការវិនិយោគពីប្រទេសឥណ្ឌានៅលើទឹកដីកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។
លោក ប៉ាន សូរស័ក្តិ បានថ្លែងដូច្នេះក្នុងពេលដែលរូបលោកអនុញ្ញាតឲ្យអ្នកព័ត៌មានឥណ្ឌាមួយក្រុម ដឹកនាំដោយលោក អ៉ិន ស៊ីតធូ លេខាទូតទី១ នៃស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្នុងជំនួបនោះលោក ប៉ាន សូរស័ក្តិ បានប្រាប់ក្រុមអ្នកព័ត៌មានឥណ្ឌាថា អ្នកវិនិយោគឥណ្ឌាអាចវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជាដូចជា ការអបំរំ បច្ចេកវិទ្យា ទេសចរណ៍ និងសហគ្រាសធុនតូច និង ធម្យម ដោយសារបច្ចុប្បន្នកម្ពុជាកំពុងធ្វើទំនើបកម្មលើវិស័យឧស្សាហកម្ម ពីការប្រើប្រាស់កម្លាំងអតិបរិមាទៅជាការប្រើប្រាស់ជំនាញខ្ពស់នៅត្រឹមដំណាច់ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី ក៏បានប្រាប់ប្រតិភូអ្នកសារព័ត៌មានឥណ្ឌាផងដែរថា កម្ពុជាមានគោលនយោបាយលើកទឹកចិត្តវិនិយោគិនល្អជាងគេក្នុងតំបន់។ លោកថា អ្នកវិនិយោគនៅកម្ពុជាមិនត្រឹមតែអាចគ្រប់គ្រងជំនួញ និងប្រមូលប្រាក់ចំណេញបាន ១០០ភាគរយប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចរីករាយជាមួយការទទួលបានប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗ ផ្តល់ដោយសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសផ្សេងៗទៀត។
លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្ថែមថា នៅក្រោមក្រោមក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចទូលាយកម្រិតតំបន់ (RCEP) រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយបើកចំហរជើងមេឃ ដើម្បីស្វាគមន៍រាល់ការហោះហើរដោយត្រង់ពីប្រទេសឥណ្ឌា សំដៅទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ចូលមកកាន់ប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន។
លោករដ្ឋមន្ត្រី ក៏បានចែករំលែកជាមួយប្រតិភូអ្នកសារព័ត៌មានឥណ្ឌា អំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានក្នុងរង្វង់៧ភាគរយរៀងរាល់ឆ្នាំ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ និងលក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រប្រទេសកម្ពុជាសម្រាប់គម្រោងវិនិយោគតូចធំ ព្រមទាំងគោលនយោបាយឧស្សាហកម្ម (IDP) របស់កម្ពុជាឆ្នាំ (២០១៥-២០២៥) ថែមទៀត។
ជាការឆ្លើយតបប្រតិភូសារព័ត៌មានឥណ្ឌា បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលា ដើម្បីចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ថ្ងៃនេះ ហើយពួកគេសន្យាថា នឹងនាំយកព័ត៌មានទាំងនេះ ចែករំលែកជូនដល់អ្នកវិនិយោគិនឥណ្ឌា និងប្រជាជនឥណ្ឌាទាំងអស់ផងដែរ៕