(ក្រចេះ)៖ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត បានដាក់ផែនការឲ្យនគរបាលអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល សហការជាមួយប្រជាការពារ ទាំង២ឃុំ សិក្សាតំបន់ដែលងាយរងគ្រោះ ដើម្បីមានវិធានដាក់គោលដៅការការពារសន្តិសុខ ឲ្យបានល្អប្រសើរ កុំឲ្យមានបទល្មើសផ្សេងៗកើតឡើងជាដាច់ខាត។
ការជំរុញបែបនេះ របស់លោកឧត្តមសេនីយ៍ត្រី ស្នងការខេត្ត បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារមកពីឃុំ ចំនួន២ គឺឃុំ២ធ្នូ និងឃុំស្នួល មានចំនួន២៧០នាក់ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកស្នួល។
ឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត បានដាក់ទិសដៅផែនការមួយចំនួនបន្ថែមទៀត សម្រាប់នគរបាលប៉ុស្តិ៍ ក៏ដូចជាប្រជាការពារត្រូវរួមគ្នា អនុវត្តដូចជា ការអនុវត្តគោលនយោបាយភូមិ-មានសុវត្ថិភាពដែលជា គោលនយោបាយរួមរបស់ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប៉ុស្តិ៍មូលដ្ឋាន ល្បាតចំហរ សម្ងាត់ ពិសេសគោលដៅងាយរងគ្រោះ ដូចជាកន្លែងទិញលក់ដំឡូងមី និងតាមទីប្រជុំជនជាដើម។
បន្ថែមពីលើនេះ លោកឧត្តមសេនីយ៍ បានផ្តល់វិទ្យុទាក់ទង៧គ្រឿង ដល់ប្រជាការពារទាំង២ឃុំ និងថវិកាសម្រាប់ផ្គត់ផ្គង់ចំនួន២លានរៀល សារ៉ុង២ ព្រមទាំងផ្តល់ថវិការបន្ថែមម្នាក់មួយម៉ឺនរៀល។
ជាងនេះទៅទៀត លោកស្នងការ ក៏បានស្នើរឲ្យប្រជាការពារតាមភូមិ-ឃុំទាំងអស់ ទំនាក់ទំនងមកនគរបាល ដូចជាការក្តាប់មុខ សញ្ញាគ្រប់ប្រភេទពិសេសមុខសញ្ញាប្លែកមុខ ចូលមកក្នុងមូលដ្ឋាន ដោយត្រូវរាយការណ៍ ព័ត៌មាននគរបាលដើម្បីមានវិធានការទាន់ពេល ខណៈដែលមានតំបន់ខ្លះ មានភូមិសាស្រ្តទូលាយមានអ្នកចំណូលស្រុកច្រើន មករស់នៅតាមតំបន់មួយចំនួនដែលមិនទាន់រៀបរយ អាចធ្វើឲ្យមានការគ្រប់គ្រងរដ្ឋបាល មិនច្បាស់លាស់៕