(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសំរោង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ និងប៉ុស្តិ៍រដ្ឋបាលកូនក្រៀល ដែលដឹកនាំដោយលោក ស៊ុន សាន អធិការក្រុង បានចាប់ខ្លូនជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធក្នុងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ហើយបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត ហើយកម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាប កាលពីនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ ដែលបានធ្វើឡើង២ទីតាំងផ្សេងគ្នា នៅចំណុចភូមិគោកចាន់រី ផ្លូវទៅភ្នំបាក់ ស្ថិតនៅភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន៤នាក់ ទី១៖ឈ្មោះ ហាក់ រ៉ា ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិដើមជ្រៃ សង្កាត់ស្មាច់ ក្រុងសំរោង, ទី២៖ឈ្មោះ ស្រី ភក្តី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឈើក្រុម សង្កាត់កូនក្រៀល ក្រុងសំរោង, ទី៣៖ឈ្មោះ ប្រុស សង្ហា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគោកចាន់រី សង្កាត់កូនគ្រៀល ក្រុងសំរោង, និងទី៤៖ឈ្មោះ យឿន សុពាង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិគោកអំពិល សង្កាត់កូនក្រៀល ក្រុងសំរោង។
លោកស្នងការបញ្ជាក់ថា ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១៦កញ្ចប់, ប្រភេទគ្រាប់WY ៣គ្រាប់ និងម៉ូតូ៤គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅ សាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្ដ៕