(ភ្នំពេញ)៖ តាមការគ្រោងទុក ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងមកដល់ប្រទេសកម្ពុជា នៅម៉ោង៥៖៥០នាទីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះ ដើម្បីធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ។
ព្រមជាមួយនឹងការអញ្ជើញមកដល់កម្ពុជានេះ បើទោះបីក្នុងគម្រោងនៃដំណើរទស្សនកិច្ចរបស់លោក ឌូតឺតេ មិនមានកម្មវិធី ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងណាក្តី ប៉ុន្តែក៏កម្ពុជា និងហ្វីលីពីន បាននិងកំពុងតែពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងគ្នានិងគ្នាផងដែរ។
យោងតាមរបាយការណ៍ផ្លូវការ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា រយៈពេល៤ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានកំណើនជាបន្តបន្ទាប់។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មកម្ពុជា និងហ្វីលីពីន មានជាង២១លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ពុជានាំចេញទៅហ្វីលីពីន មានចំនួន១៣.៧៧លានដុល្លារ ខណៈហ្វីលីពីននាំចូលមក កម្ពុជាវិញ មានចំនួន៧.៣៦លានដុល្លារអាមេរិក។
នៅក្នុងឆ្នាំ២០១៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងហ្វីលីពីន ហាក់ធ្លាក់ចុះច្រើន ដោយមានចំនួនជិត១៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅហ្វីលីពីន មាន៦.៨៥លានដុល្លារខណៈហ្វីលីពីននាំចូលមកកម្ពុជា មាន៩.០៧លានដុល្លារអាមេរិក។
ដោយឡែកសម្រាប់ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានហក់ឡើងមកវិញ ពោលគឺមានចំនួន២៦.៩៧លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅ ហ្វីលីពីន មាន១៧.៣៥លានដុល្លារ ខណៈដែលហ្វីលីពីន នាំចូលមកកម្ពុជាវិញ មាន៩.៦២លានដុល្លារ។
សម្រាប់រយៈ៦ខែដើមឆ្នាំ២០១៦នេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-ហ្វីលីពីន មានចំនួន១២.៨៩លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅហ្វីលីពីន មានចំនួន៦.៥៥លានដុល្លារ ខណៈហ្វីលីពីន នាំចូលកមកម្ពុជា មានចំនួន៦.៣៤លានដុល្លារ៕