Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កឹម សុខា ទៅជួបសួរសុខទុក្ខមន្រ្តីអាដហុក៤នាក់ ដែលជាប់ឃុំនៅពន្ធនាគារព្រៃស ក្នុងសំណុំរឿងរបស់លោក

12-12-2016 17:04

(ភ្នំពេញ)៖ លោក កឹម សុខា ដែលទើបទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ បានចូលសួរសុខទុក្ខមន្រ្តីអាដហុក៤នាក់ នៅក្នុងពន្ធនាគារព្រៃស នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ។ មន្រ្តីអាដហុកទាំងនោះ ត្រូវបានជាប់ឃុំក្នុងសំណុំរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ លោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ។

មន្រ្តីអាដហុកទាំង៤នាក់នោះ រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតរបស់អាដហុក, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា និង លោកស្រី លឹម មុនី។ ក្រៅពីនោះ លោកក៏បានឆ្លៀតចូលសួរសុខទុក្ខ អ្នកស្រី ទេព វន្នី ដែលជាប់ពាក់ព័ន្ធនឹងរឿងហិង្សា នៅក្បែរវិមានឯករាជ្យ កាលពីឆ្នាំ២០១៣។

នៅលើបណ្តាញសង្គម Facebook លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា «១២-ធ្នូ-២០១៦/ ពន្ធនាគារព្រៃស។ នៅរសៀលថ្ងៃនេះ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ និងខ្ញុំ បាន​ទៅ​ជួបសួរសុខទុក្ខ មន្ដ្រីអង្គការសង្គមស៊ីវិល៤នាក់ (អ្នកស្រីលឹម មុនី -លោកនី សុខា -លោកយី សុខសាន្ដ -លោកណៃ វ៉ង់ដា) និងអ្នកស្រី ទេព វន្នី នៅពន្ធនាគារព្រៃស»។

យ៉ាងហោចណាស់ មានមនុស្ស៦នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ ដែលពាក់ព័ន្ធនឹងសំណុំរឿង សូកប៉ាន់សាក្សី ក្នុងរឿងសញ្ចារកម្ម ដែលកើតចេញពីរឿងអាស្រូវរបស់ លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ មនុស្សទាំង៦នាក់នោះ រួមមាន មន្រ្តីអាដហុក៤នាក់ មន្រ្តីគ.ជ.ប ម្នាក់ (ជាប់នៅពន្ធនាគារ PJ) និង លោក ស៊ាង ចែត មេឃុំគណបក្សស​មរង្ស៊ី។

ប៉ុន្តែក្រោយមក លោក ស៊ាង ចែត ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំនោះ ក៏ត្រូវបានព្រះមហាក្សត្រប្រោសប្រទាន លើកលែងទោស តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន។ ការលើកលែងទោសនេះ ធ្វើឡើងបន្ទាប់ពី លោក កឹម សុខា ដែលទើបទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រដែរនោះ មានជំនួបផ្ទាល់ជាមួយ សម្តេចតេជោ ហ៊ុន សែន៕