(ភ្នំពេញ)៖ សេចក្តីព្រាងស្តីពីវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានគណៈរដ្ឋមន្រ្តី បញ្ជូនទៅដល់រដ្ឋសភា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តីបានអនុម័ត កាលពីចុងខែកញ្ញា។ នេះបើតាមការបញ្ជាក់ពី លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឡើងវិញ បន្ទាប់ពីមានប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋ ជុំវិញការអនុវត្តច្បាប់នេះ ចាប់ដើមឆ្នាំ២០១៦មក។ ក្នុចំណុចដែលបានធ្វើវិសោធនកម្មឡើងវិញនោះ មានចំនួន ៨មាត្រា ក្នុងនោះមានមាត្រា៩, មាត្រា៤០, មាត្រា៤១, មាត្រា៤៨, មាត្រា៧៥, មាត្រា៧៧, មាត្រា៩២, មាត្រា៩០ ប៉ុន្តែក៏បានកែប្រែនូវពាក្យពេចន៍ មួយចំនួនដែរ។
ការធ្វើវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល អះអាងថា គឺដើម្បីឱ្យស្របទៅតាមស្ថានភាពជាក់ស្តែងនៅក្នុងប្រទេស។ ជាមួយគ្នានេះ ការធ្វើវិសោធនកម្មនេះ ក៏មានលក្ខណៈធូស្រាល និងយោគយល់ជាងមុនបន្តិចផងដែរ៕