(ឧត្តរមានជ័យ)៖ នគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រាសាទ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ មានបុរសម្នាក់បានទៅឆក់ត្រី មិនទាន់បានត្រី យកមកលក់ផង ស្រាប់តែខុសបច្ចេកទេស ពេលកំពុងតែឆក់នោះ ក៏បណ្ដាលឲ្យឆក់ស្លាប់ខ្លួនឯងតែម្តង។
ហេតុការណ៍នេះកើតឡើងនៅចំណុចអូរជប់ ស្ថិតនៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបន្តថាជនរងគ្រោះ ឈ្មោះ មាស ឃៀក អាយុ៤០ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។
ក្រោយធ្វើការពិនិត្យនៅលើខ្លួនរបស់សាកសព មានស្នាកស្នាមលើសពមានចំនួន២កន្លែង គឺនៅលើប្រអប់ដៃខាងស្ដាំជាំខ្លោច និងមួយកន្លែងមួយទៀត ផ្ទៃមុខត្រចៀកប៉ែកខាងស្ដាំស្នាមខ្លោច និងរបកស្បែកដែលបណ្ដាលមកពីឆក់ដោយឧបករណ៍ឆក់ត្រី។
បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់សាកសព ទៅកាន់ក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕