Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្ត បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ការយកលុយ ពីពលរដ្ឋឆ្លងស្ពានឈើ៥ពាន់ ទៅ១ម៉ឺនរៀល, អធិការស្រុកកោះញែក ទទួលស្គាល់ថា កូនចៅបានយកមែន

12-12-2016 16:16

(មណ្ឌលគិរី)៖ ប្រជាលរដ្ឋនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានសម្តែងនូវការមិនសប្បាយចិត្តចំពោះក្រុមអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ស្រុកកោះញែក ពីការស្ទាក់ និងកំណត់ឲ្យបង់លុយពី៥០០០រៀល ទៅ១០០០០រៀល នៅពេលដែលពលរដ្ឋទាំងនោះ បានឆ្លងកាត់ស្ពានឈើ ដែលពួកគេបានកាប់ពីក្នុងព្រៃយកមកដាក់ទទឹងទឹកអូរ ដើម្បីឆ្លង។

បន្ទាប់ពីទទួលបានព័ត៌មាននេះ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាឲ្យបញ្ឈប់នូវទង្វើទាំងនេះជាបន្ទាន់ បើមិនដូច្នេះទេនឹងមានវិធានការតាមច្បាប់។

ប្រជាពលរដ្ឋមូលដ្ឋាន បានឲ្យដឹងថា ផ្លូវទៅកាន់ភូមិម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក អ្នកភូមិធ្វើដំណើរឆ្លងកាត់ ត្រូវចំណាយលើថ្លៃឆ្លងកាត់ស្ពានចាប់ពី៥០០០ ទៅ១០០០០រៀល ហើយប្រាក់ទាំងនេះ អាចមានការឃុបឃិតគ្នាជាមួយអាជ្ញាធរស្រុក និងសមត្ថកិច្ចមូលដ្ឋាន ក្នុងការឆ្លងកាត់អូរពីរកន្លែងនេះ។

ប្រជាពលរដ្ឋបាននាំគ្នាសម្តែងនូវការខឹងសម្បារ យ៉ាងខ្លាំងចំពោះការយកសេវាថ្លៃឆ្លងស្ពាន មានតម្លៃខ្ពស់បែបនេះ ធ្វើឲ្យពួកគាត់ប៉ះពាល់ដល់ជីវភាពយ៉ាងធ្ងន់ធ្ងរ។

ពួកគាត់បាននាំគ្នាទម្លាយព័ត៌មាននេះ ដើម្បីឲ្យថ្នាក់ដឹកនាំខេត្ត បានដឹង និងចាត់វិធានការណ៍តាមច្បាប់។

លោក ខ្លូត សុឃា អធិការនគរបាលស្រុកកោះញែក នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានទទួលស្គាល់ថា មន្រ្តីដែលចាំយកលុយនោះ គឺជាកូនចៅរបស់លោក ហើយតម្លៃឆ្លងកាត់ស្ពាននោះ មិនមែនដូចគេថានោះទេ តែឥឡូវកូនចៅលោកឈប់យកលុយទៀតហើយ គឺមួយរយៈមុនមានការយកលុយមែនកាលពីទឹកអូរនៅធំ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅរសៀថ្ងៃទី១២ ខែធ្នូនេះ កំពុងចាត់ចែងឲ្យមន្រ្តីសាលាខេត្ត សួរនាំទៅលោកអភិបាលស្រុកកោះញែក ហើយដើម្បីពិនិត្យជុំវិញព័ត៌មាននេះ ហើយបើមានករណីនេះមែន លោកនឹងចាត់វិធានការឲ្យបញ្ឈប់សកម្មភាពទាំងនេះ ជាបន្ទាន់ឲ្យខាងតែបាន៕