(កោះកុង)៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងលើទឹកដីភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយបុរសអ្នកចម្ការម្នាក់ ត្រូវបានឆេះភ្លើងក្នុងឡធ្យូងស្លាប់ចោលប្រពន្ធយ៉ាងអាណោចអាធ័ម ពេលដែលជនរងគ្រោះ ចូលទៅកាយធ្យូង ដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ។
សមត្ថកិច្ចស្រុកមណ្ឌលសីមា បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ បុរសដែលត្រូវធ្យូងបាក់សង្កត់ ក្នុងពេលចូលទៅកាយធ្យូងក្នុងឡនោះ មានឈ្មោះ លី សាវឿន អាយុ៥៦ឆ្នាំ មានមុខរបរធ្វើចម្ការ មានរស់នៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ បុរសជាប្ដីបានប្រាប់ប្រពន្ធថា គាត់ទៅកាយធ្យូងនៅចម្ការតាំងពីព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ប្រពន្ធគាត់ក៏ទូរស័ព្ទទៅដើម្បីហៅឲ្យមកហូបបាយ តែទូរស័ព្ទអត់មានអ្នកទទួលសោះ ប្រពន្ធគាត់ក៏ទៅដើរទៅតាម ក៏ស្រាប់តែមើលក្នុងឡធ្យូងទៅឃើញសល់តែឆ្អឹង។
ក្រោយដឹងហេតុការណ៍នេះហើយ កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់កន្លែងកើតហេតុភ្លាម និងបានសន្និដ្ឋានថា គាត់ស្លាប់ដោយសារ ឆេះភ្លើងក្នុងឡធ្យូងពិតមែន ហើយក្រុមគ្រួសារបានរើសឆ្អឹងយកទៅធ្វើបុណ្យ ទៅតាមប្រពៃណី៕