(បាត់ដំបង)៖ រថយន្តក្រុងដឹកអ្នកដំណើ «កម្ពុជាអង្គរអ៊ិចប្រេស» បុកពីក្រោយរថយន្តHYUDAI ដឹកខ្សាច់បណ្ដាលឲ្យមនុស្សប្រុស៣នាក់របួស នាវេលាម៉ោង០៣៖៤៥ទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅម៉ោងកើតហេតុ ស្រាប់តែរថយន្តក្រុងដឹកអ្នកដំណើរ ជារបស់ក្រុមហ៊ុន «កម្ពុជាអង្គរអ៊ិចប្រេស» ដឹកអ្នកដំណើរបានពន្លះគូទរថយន្តដឹកខ្សាច់យ៉ាងពេញទំហឹង ខណៈពេលរថយន្តម៉ាក HYUDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-1182 កំពុងប្តូរកង់ចតនៅលើចិញ្ចើមផ្លូវផ្នែកខាង បណ្តាលឲ្យមនុស្សរួមដំណើររងរបួសធ្ងន់ចំនួន៣នាក់។
សមត្ថកិច្ចមូលដ្ឋានដដែល បានបន្តទៀតថា ជនរងគ្រោះទាំង៣នាក់ ជាមនុស្សប្រុសដោយមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ អ្នកទាំងនោះឡើយ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងនាំយកអ្នករងរបួសទាំងនោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តនិងនាំយករថយន្តបង្កទាំង២ ទៅរក្សាទុកនៅអធិការដ្ឋាន ស្រុកសង្កែ ដើម្បីរង់ចាំម្ចាស់ចូលទៅធ្វើការដោះស្រាយ តាមផ្លូវច្បាប់នៅពេលក្រោយ៕