(កំពង់ធំ)៖ អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំពិធីក្រុងពាលីដាក់ «រូបដាវដែកកំពង់ស្វាយ» ដែលត្រូវ ចំណាយថវិកាជាង១៤០លានរៀល។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅភូមិថ្នល់បែក ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរង ប្រធានអង្គភាពមន្ត្រីរាជការ ជុំវិញខេត្តស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។
លោក អ៊ុត សំអន បានថ្លែងឲ្យដឹងថា រូបសំណាក «ដាវដែកកំពង់ស្វាយ» មានគម្រោងសាងសង់អស់ទឹកប្រាក់ជាង១៤០លានរៀល ដែលជាការចូលរួមរបស់សប្បុរសជន និងលក្ខណៈសំណង់សាងសង់ ធ្វើអំពីស៊ីម៉ង់ត៍មិនលាបពណ៌ (លក្ខណៈថ្មបូរាណ) មានទីតាំងភូមិសាស្រ្ត ចំងាយ៥km ពីខេត្តកំពង់ធំ ត្រង់ចំណុចផ្លូវបំបែកទៅកាន់ខេត្តសៀមរាប និងខេត្តព្រះវិហារ។
លោកបានបន្ថែមទៀតថា សំណង់ទាំងមូលត្រូវបានសាងសង់ លើផ្ទៃដីមានរាង ជាត្រីកោណ មានទំហុំដី ៥៧,៨ម៉ែត្រ និងទទឹង៥៥ម៉ែត្រ ដែលលក្ខណៈទូទៅ ហើយវត្ថុធាតុដើមត្រូវប្រើប្រាស់មាន៖ ឥដ្ឋ ដែក ខ្សាច់ ថ្ម និងស៊ីម៉ង់ត៍ផ្សេងៗ។
លោកបានបញ្ជាក់ថា ការរចនាក្បួនក្បាច់ គឺតាមរចនាបថសំបូរព្រៃគុកហើយ ការដាក់រូបសំណាកដាវដែកកំពង់ស្វាយនេះគឺដោយមានកត្តា ប្រវត្តិសាស្ត្រនិងប្រពៃណីជំនឿ ក្នុងពិធីរៀបមង្គលការទៅលើគូរស្វាមី ភរិយាដែលមានសិរីសួស្តីផងដែរ៕