(ភ្នំពេញ)៖ ដំណើរកំសាន្តលើកទី១០ របស់អតិថិជនFord ដែលរៀបចំ ដោយក្រុមហ៊ុនផលិតរថយន្តFord ឆ្ពោះទៅកាន់ប្រទេសថៃ ដែលមានរយៈពេល៣យប់៤ថ្ងៃ ដោយចេញដំណើរកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ បានវិលត្រឡប់មកដល់ភ្នំពេញ ប្រកបដោយសុវត្ថិភាពកាលពីរាត្រីថ្ងៃទី១១ ខែធ្នូ ឆ្នាំដដែលនេះ។

សូមបញ្ជាក់ថាក្រុមហ៊ុន រថយន្តFordបានបង្កើតកម្មវិធីដំណើរកំសាន្ត ដែលមានឈ្មោះថា «ដំណើរកំសាន្តរបស់អតិថិជនFord»​ អស់រយៈពេល១០ឆ្នាំមកហើយ ដោយរៀបចំដំណើរកំសាន្តនេះ ក្នុងមួយឆ្នាំម្ដងនៅរៀងរាល់ចុងឆ្នាំ មានទាំងដំណើរកំសាន្ត នៅក្នុងប្រទេស និងក្រៅប្រទេសតាមរយៈ រថយន្តFordឆ្ពោះទៅកាន់ តំបន់ទេសចរណ៏ និងរម្មណីដ្ឋាននានា ដោយមានរៀបចំ បោះតង់សំរាកកំសាន្ត ជប់លៀង និងដំណើរទស្សនាស្វែងយល់ពី តំបន់ភូមិសាស្ត្រនៅតំបន់នោះផងដែរ។

សំរាប់ឆ្នាំនេះ ក្រុមហ៊ុនបានជ្រើសរើស យកការដំណើរកំសាន្តឆ្ពោះទៅកាន់ខេត្តសុរិន្ទ និងខេត្តបុរីរាំ ប្រទេសថៃដោយមានក្បួនរថយន្តFord ចំនួន៨៩គ្រឿង និងមនុស្សចូលរួមជាង៤០០នាក់ ដឹកនាំដោយ លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អឹម អេ ខេមបូឌា ខូអិលធី ឌី ដែលជាក្រុមហ៊ុននាំចូលរថយន្តFord ផ្ដាច់មុខយកមកលក់នៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះដំណើរកំសាន្តខាងលើនេះ ក៏បានឈប់បោះជំរុំសំរាកមួយយប់នៅក្នុងទីរួមខេត្តឧត្តរមានជ័យផងដែរ មុននឹងបន្តដំណើរទៅប្រទេសថៃតាមច្រកអូរស្មាច់។ឆ្លៀតក្នុង ឱកាសឈប់សំរាក នៅទីរួមខេត្តឧត្តរមានជ័យ ក្រុមហ៊ុន និងអតិថិជនFord ក៏បានរៀបចំពិធីចែកអំណោយ ដល់អតីតយុទ្ធជនពិការ និងក្រីក្រចំនួន២០០គ្រួសារ ដោយមានការចូលរួមពីលោកស ថាវី អភិបាលខេត្ត និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។

ចំណែក ថ្ងៃទី១នៅលើទឹកដីប្រទេសថៃ អ្នកដឹកនាំដំណើរកំសាន្តបាននាំទៅទស្សនា កន្លែងអភិរក្សសត្វដំរីដែលហៅថា អាណាចក្រដំរីនៅ ក្នុងខេត្តសុរិន្ទដែលនៅទីនោះ មានហ្វូងដំរីជាង២០០ក្បាល ត្រូវបានគេនាំមកពីទូទាំងប្រទេសថៃ យកមកចិញ្ចឹមធ្វើការអភិរក្សនៅ ទីនោះលើទំហ៊ំដីជាង៤០ហិកតា ដែលដំរីទាំងអស់នោះ ក៏ត្រូវបានគេបង្ហាត់ អោយចេះសំដែង ចេះរាំថែមទៀត។

បន្ទាប់មកទើបក្បួន ដំណើរទេសចរណ៏បន្តឆ្ពោះ ទៅបោះជំរុំនៅតំបន់រីស៊តសួនដាំផ្កានាស្រុកខូមឿង ខេត្តបុរីរាំបន្តទៀត។នៅថ្ងៃចុងក្រោយ ក្រុមគណៈ ប្រតិភូដំណើរកំសាន្ត ត្រូវបានអ្នករៀបចំនាំដើរទស្សនាសួនផ្កាចំរុះពណ៌ គ្រប់ប្រភេទរួមទាំងទៅទស្សនាពហុកីឡដ្ឋានរបស់ក្លឹបបាល់ ទាត់បុរីរាំយូណាយធិត ដែលទើបកសាងថ្មី និងជាក្លឹបបាល់ទាត់ធំនិងល្បីជាងគេ នៅប្រទេសថៃរួម ទាំងបន្តទៅដើរផ្សារទំនើបៗនៅ ក្នុងខេត្តផងដែរ។

ក្នុងដំណើរកំសាន្តខាងលើ ក្រុមហ៊ុនបានរៀបចំអាហារទទួល ៣ពេលក្នុងមួយថ្ងៃដោយរៀងរាល់រាត្រីនៃពិធីបោះ ជំរុំតង់សំរាកជុំគ្នា ក៏បានរៀបចំពិធីជប់លៀង ប្រគុំតន្ត្រីរាំកំសាន្ត ហើយនៅរាត្រីចុងក្រោយ ក៏មានរៀបចំពិធី កាត់នំខួបគម្រប់ឆ្នាំទី១០ នៃកម្មវិធីដំណើរកំសាន្តនេះ អោយកាន់តែអធឹកអធមថែមទៀត។

លោកងន សាំង អគ្គនាយកក្រុមហ៊ុនអ អឹម អេ ខេមបូឌា ខូអិលធីឌី ដែលជាអ្នកដឹកនាំដំណើរកំសាន្ត បានថ្លែងនៅក្នុងឱកាសនោះ ថានេះគឺជាឆ្នាំទី១០ហើយ ដែលក្រុមហ៊ុនបានរៀបចំដំណើរកំសាន្តបែបនេះ កម្មវិធីនេះក្រុមហ៊ុនបង្កើតឡើងដើម្បីធ្វើអោយមានការ ទំនាក់ទំនងគ្នារវាងក្រុមហ៊ុន និងអតិថិជនកាន់តែជិតស្និត ថែមទៀត។ក្នុងនោះលោកក៏បានលើកឡើងថា ការបង្កើតអោយមានកម្មវិធី បែបនេះក៏ជាយុទ្ធសាស្ត្រ របស់ក្រុមហ៊ុនក្នុង ការពង្រីកទីផ្សាររថយន្តFord ផងដែរ។

ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៦នេះ មានរថយន្Ford ប្រមាណ១៣០០គ្រឿងត្រូវបានលក់ចេញ ហើយនៅឆ្នាំ២០១៧ខាងមុខ ក្រុមហ៊ុនសង្ឃឹមថា នឹងមានរថយន្តFord ប្រមាណ ១៤០០គ្រឿង នឹងត្រូវបានលក់ចេញបន្ថែមទៀត។ដោយឡែកពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រ ទាញយកទីផ្សាររថយន្Ford នៅក្នុងប្រទេសកម្ពុជាអោយ កាន់តែខ្លាំងថែមទៀត ក្រុមហ៊ុនបានដាក់ចេញ នូវគោលការណ៏ បង្កើនការទិញបង់រំលោះ និងទិញរថយន្តចាស់ៗចូលវិញផងដែរ។

ក្រោយបញ្ចប់ដំណើរកំសាន្ត អតិថិជនដែលបានរួមដំណើរកំសាន្តជាមួយកម្មវិធីអតិថិជនFord ទាំងអស់សុទ្ធតែសម្ដែងនូវការសប្បាយ រីករាយជាមួយកម្មវិធីនេះ ថ្វីត្បិតតែការធ្វើដំណើរ មានរយៈពេលយូរថ្ងៃ និងផ្លូវធ្វើដំណើររៀងឆ្ងាយបន្តិចមែន(ទាំងទៅនិងមកជាង១២០០ គីឡូម៉ែត្រ) តែជាមួយនឹងការធ្វើដំណើរតាមរថយន្តFord  ដែលប្រកបទៅដោយគុណភាព ធុន រឹងមាំ និងបញ្ចេកវិទ្យាទំនើបទាន់សម័យ បាន ធ្វើអោយការធ្វើដំណើរកំសាន្ត មានភាពរលូន និងមានសុវត្ថិភាពនៅតាមដងផ្លូវ។ភាពជោគជ័យនៃដំណើរកំសាន្ត ខាងលើនេះ ក៏បូករួម ជាមួយនឹងបទពិសោធន៏យូរឆ្នាំ របស់ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនFord  ដែលជាអ្នករៀបចំដំណើរកំសាន្តផងដែរ។

អតិថិជនFord មួយគ្រួសារ ដែលកំពុងតែស្រស់ស្រូបអាហារពេលរាត្រី នៅក្បែរតង់ក្រោមអាកាសធាតុត្រជាក់ ក្រោម២០អង្សាសេ បានថ្លែងប្រាប់ Fresh News ថាឆ្នាំក្រោយ បើក្រុមហ៊ុនរៀបចំ ដំណើរកំសាន្តបែបនេះទៀត​ គាត់នឹងចូលរួមទៀត ខណៈលោកងន សាំង បានអះអាងថា ក្រុមហ៊ុននឹងរៀបចំដំណើរកំសាន្ត បែបនេះជារៀងរាល់ឆ្នាំ តែគោលដៅត្រូវទៅនៅមិនទាន់កំណត់ រងចាំការផ្ដល់មតិ យោបល់ពីអតិថិជនសិន ទើបខាងក្រុមហ៊ុនធ្វើការសម្រេច តាមមតិភាគច្រើន។ ចំណែកលោកពូផុន ដែលកូនរបស់គាត់បានទិញរថយន្តFord ជិះបានអះអាងថាគាត់ធ្វើដំណើរកំសាន្ត ជាមួយកម្មវិធីនេះអស់រយៈពេល២ឆ្នាំមកហើយ ព្រោះគេរៀបចំបានល្អនិងសប្បាយ៕