(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានបញ្ជូនស្ត្រីជាជនសង្ស័យម្នាក់ឈ្មោះ ស្រី ម៉ៅ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ក្រោយពេលចាប់ខ្លួនកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅម្តុំស្ពានជ្រោយចង្វារ ត្រើយខាងកើត ពាក់ព័ន្ធការលួចយកដីរបស់គេទៅលក់ ដោយឃុបឃិតជាមួយប្តីរបស់ខ្លូន តែនៅពេលនេះប្តីបានរត់គេចខ្លួនបាត់ហើយ។

ជាមួយគ្នានេះ ម្ចាស់ដីរងគ្រោះសូមអំពាវនាវឲ្យ តុលាការចាត់វិធានការយ៉ាងតឹងរឹងជាទីបំផុត ដើម្បីផ្តល់ភាពយុត្តិធម៌ជូនភាគីរងគ្រោះ។

មន្រ្តីនគរបាលបានឲ្យដឹងថា ស្ត្រីជាជនសង្ស័យឈ្មោះ ស្រី ម៉ៅ (ឃាត់ខ្លួន) និងប្តីឈ្មោះ រឿ សារ៉េត (កំពុងរត់គេចខ្លួន) មានទីលំនៅផ្លូវជាតិលេខ៦អា ភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានតំណាងក្រុមហ៊ុន រ៉ូល្យា ប្តឹងពីបទ «លួចលក់ដី» ទំហំ៤១៨ម៉ែត្រការ៉េ នៅចំណុចភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។

មន្រ្តីនគរបាលបានឲ្យដឹងថា សំណុំរឿងនេះត្រូវលោក ហ៊ឹង ប៊ុនថន តំណាងអយ្យការ សម្រេចចោទប្រកាន់ពីបទ «លួចលក់អចលនវត្ថុអ្នកដទៃ» យោងតាមាត្រា២៥៥ នៃច្បាប់ភូមិបាល។ នៅពេលនេះស្ត្រី ឈ្មោះ ស្រី ម៉ៅ ត្រូវបានលោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕