(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មានអ្នកជំងឺជិត៧ពាន់នាក់ បានចូល និងចេញពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,៣៨២នាក់, អ្នកជំងឺអនុញ្ញាតិឲ្យចូលសម្រាក់ព្យាបាល ៣៧២នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៤៥នាក់, អត្រាប្រើប្រាស់គ្រែសរុបមាន១២៩ភាគរយ, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាតិ សម្រាកព្យាបាលដោយមិនបង់ប្រាក់២៦ភាគរយ, ចំនួនវះកាត់សរុប២៧នាក់, ការព្យាបាលដោយចលនា៣១៩នាក់, កុមារបានទទួលថ្នាំបង្ការ៧៣៩នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់១៥នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៥៩នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៨នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២៣២នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច ១៥៧នាក់, ពិនិត្យវិភាគដោយអេកូ ៩៧នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន២,១៩០នាក់។
មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៩០៥នាក់។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់។
បន្ថែមពីនេះ មន្ទីរពេទ្យកុមារជាតិ បានចូលរួមពិនិត្យព្យាបាលជំងឺ និងបណ្ដុះបណ្ដាលអំពីបច្ចេកទេសវិជ្ជាសមស្រប ជំហ៊ានទី១ជួបបុគ្គលិកមន្ទីរពេទ្យកុមារជាតិ និងបានទទួលសម្ភារបរិក្ខា និងឯកសារបច្ចេកទេសសម្រាប់គម្រោងសុខភាពកុមារ (កម្ពុជា និងចិន)៕