(ភ្នំពេញ)៖ សំណុំរឿងពាក់ព័ន្ធ ករណីបង្ហោះរូបអាក្រាតកាយ របស់តារាចម្រៀងស្រីមាឌល្អិត ប្រចាំផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ពីសំណាក់អតីតមិត្តប្រុស របស់នាង គឺលោក គុយ សទ្ធិសក្តិ ត្រូវបានតុលាការចេញដីការកោះហៅឲ្យចូលខ្លួនជាថ្មី នៅវេលាម៉ោង២៖០០នាទីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីពន្យាពេលចំនួន​៥លើក រួចមកហើយ ខណៈសាមីខ្លួនជនរងគ្រោះ កញ្ញា វ៉ាន់ នីឡា កំពុងអន្ទះសាររង់ចាំភាពយុត្តិធម៌ដូចតារាស្រីចំនួន២រូបផ្សេងទៀត គឺកញ្ញា សាសា និងកញ្ញា ពេជ្រ អាវីហ្សា ដែលរងនូវភាពអយុត្តិធម៌ដែរនោះ។

តារាស្រី កញ្ញា វ៉ាន់ នីឡា បានលើកឡើងថា «កន្លងមកធ្លាប់មានសាព័ត៌​មានចុះផ្សាយ ពីរឿងតារាស្រីប៉ុន្មាន រូបដែលពួកគាត់ចេញមុខ​រកយុត្តិធម៌នៃប្រពន្ធ័ច្បាប់ តុលាការស្រុកខ្មែរ ហើយខ្ញុំក៏កំពុងតែរង់ចាំមើល ចំពោះករណីរបស់ខ្ញុំផ្ទាល់ផងដែរ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា កន្លងទៅ គឺតុលារបានកោះហៅជនសង្ស័យឲ្យចូលខ្លួនបំភ្លឺ ប៉ុន្តែជនសង្ស័យ មិនបានចូលខ្លួនបំភ្លឺ ហើយសុំពន្យាពេល!»

តារាស្រីកញ្ញា វ៉ាន់ នីឡា បាននិយាយបន្តទៀតថា «ដោយឡែកនៅថ្ងៃទី១២ ខែ ធ្នូឆ្នាំ២០១៦​នេះ តុលាការបានចេញដេកាកោះហៅម្តងទៀត សរុបមកភាគីម្ខាងទៀត មិនបានចូលខ្លួន៥​លើកមកហើយ ដូច្នេះខ្ញុំគិតថា វាសមល្មមហ្នឹងការកាត់ក្តី រកយុត្តិធម៌ឲ្យខ្ញុំ។ ខ្ញុំសូមសំណូមពរដល់បងប្អូនទាំងអស់គ្នា ជួយជ្រោមជ្រែង លើកទឹកចិត្តជូនខ្ញុំផង នឹងចាប់ជននោះ​មកប្រឈម​មុខចំពោះផ្លូវច្បាប់ឲ្យខា​ងតែបាន!»

សូមបញ្ជាក់ថា បន្ទាប់ពីត្រូវបានតុលាការ បើកការស៊ើបអង្កេត និងបានធ្វើការសម្រេចចោទប្រកាន់ ទៅលើអតីតមិត្តប្រុសរបស់នាង គឺលោក គុយ សទ្ធិសក្តិ ចំនួនពីរករណី ដែលករណីទី១៖ គឺការបង្ហោះរូបអាក្រាតកាយ និងករណីទីពីរ៖ ការប្រើហិង្សារ ដោយចេតនានោះមក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ​នេះ ត្រូវបានតុលាការចេញដីការកោះហៅឲ្យចូលខ្លួនបំភ្លឺជាថ្មី ខណៈកន្លងមកជនសង្ស័យរូបនេះ បានបន្តគេចខ្លួនមិនចូលចំនួន៥លើក រួចមកហើយ។

អតីតសង្សារ របស់តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានគេស្គាល់គ្រប់គ្នាថា ជាមន្ត្រីប៉ូលីសពាក់សក្តិ៤កន្លះ បម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ម្នាក់ប្រើការងារ នៅក្រសួងមហាផ្ទៃ៕