(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវឲ្យអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដខិតខំបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ លើការងារសេវាសាធារណៈ និងអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសមើលថែទាំអង្កេតតាមដាន ឲ្យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ម៉្យាងទៀត ប្រសិនមានអ្នកណាពាក់ព័ន្ធគ្រឿងញៀន ត្រូវបញ្ជូនទៅទទួលយកសេវាព្យាបាលតាមមណ្ឌលអប់រំនានា និងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតគេហដ្ឋាន។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ៨០០នាក់ មកពីសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងនូវបណ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរជានិច្ចកាលតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទៅ ទើបបានមកជួបជុំគ្នានៅថ្ងៃនេះ គឺដោយសារប្រទេសមានសុខសន្តិភាពភាព ឯកភាពជាតិ ទើបមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសផ្លូវគមនាគមន៍ខ្វាត់ខ្វែង ជាសសៃឈាមតភ្ជាប់គ្រប់តំបន់ទូទាំងប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
បន្ថែមពីនេះនាយឧត្តមសេនីយ៍ ក៏បាននូវអំណោយមួយចំនួន ជូនប្រជាពលរដ្ឋដែរចូលរួមទាំងអស់៨០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ ថវិកា១០,០០០រៀល ក្នុងនោះប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាកចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេសតូច ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ សារ៉ុង១ ថវិកា៥០,០០០រៀល ប្រជាការពារថវិកា៤០ម៉ឺនរៀល នគរបាលការពារថវិកា៤០ម៉ឺនរៀល កងរាជអាវុធហត្ថថវិកា៤០ម៉ឺន កាយរិទ្ធ៥នាក់ ថវិកា១០ម៉ឺនរៀល ឃុំស្រយ៉ូវថវិកា៥០ម៉ឺនរៀល ប្រគេនបច្ច័យជូន វត្តស្រយ៉ូវ២លានរៀល និងបច័្ចយកសាងដងទង់ និងចេតីយចៅអធិការ ២៤,០០០ដុល្លារ៕