(បន្ទាយមានជ័យ)៖ មន្រ្តីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រោមការសម្រួលសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការ ចុះទៅពិនិត្យមើលទំនិញលក់ដូរ នៅក្នុងផ្សារចំនួន២ គឺផ្សារ ហ៊ុយឡេង និងផ្សារទឹកថ្លា ជាលទ្ធផលរកឃើញ និងដកហូតទឹកក្រូច ដែលខូចគុណភាពមួយចំនួន។
លោក ហុង លៀង អនុសាខាទទួលបន្ទុកប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានថ្លែងឲ្យដឹងថា យុទ្ធនាការចុះពិនិត្យទំនិញ ដាក់លក់នៅក្នុងផ្សារខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកំាកុងត្រូលខេត្តប៉ុន្តែក្រោយ ការចុះពិនិត្យ នៅតាមតូបលក់ដូរបង្ហាញឲ្យឃើញថា ក្រុមអាជីវករកាន់តែមានការយល់ដឹង ខ្ពស់លើការលក់ទំនិញ។
លោកបានបញ្ជាក់ថា «នៅពេលនេះ បងប្អូនអាជីវកររបស់យើង មានការយល់ដឹងខ្ពស់ ហើយពួកគាត់មិនបាននាំយកទំនិញ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទ មកលក់ទៀតនោះទេ ចឹងហើយទំនិញលក់នៅក្នុងផ្សារទាំងមូល យើងរកឃើញតែទឹកក្រូច ខូចគុណភាពតែ៣ដបប៉ុណ្ណោះស្មើនឹង៤៦,៥គីឡូក្រាម »។
បើតាមលោក ហុង លៀង សម្រាប់ទឹកក្រូចនោះ ត្រូវបានយកទៅរក្សាទុកដើម្បីរង់ចាំការបំផ្លាញចោល៕