(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកយុទ្ធនាការចលនាប្រឡងប្រណាំងសាលារៀនស្អាត ក្នុងសាលារៀនគោលដៅចំនួន១២ នៃខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយថ្នាក់ដឹកនាំក្រសួង តំណាងសាលារាជធានីភ្នំពេញ អាជ្ញាធរដែនដី បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងដៃគូអភិវឌ្ឍន៍ដែលជាអ្នកពាក់ព័ន្ធ។
ក្រសួងអប់រំបានឲ្យដឹង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះថា «យុទ្ធនាការនេះ ធ្វើឡើងដើម្បីជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័នអប់រំទាំងអស់ នៅរាជធានីភ្នំពេញ មានភាពស្រស់ស្អាត ភាពបៃតង និងមានសណ្ដាប់ធ្នាប់ អនាម័យល្អនៅក្នុងសាលា ពិសេសបណ្ដុះផ្នត់គំនិតសិស្សានុសិស្ស យុវជន និងបុគ្គលិកអប់រំគ្រប់រូប គ្រប់លំដាប់ថ្នាក់ ឱ្យយល់ដឹង និងការពារបរិស្ថាន ដោយបង្កើតទម្លាប់សិស្សានុសិស្ស ឲ្យចេះថែរក្សាបរិស្ថានឱ្យស្អាត»។
ក្រសួងអប់រំបានបញ្ជាក់ថា ប្រសិនបើអ្នកណាបោះចោលសម្រាមក្រៅធុងសម្រាម អ្នកនោះនឹងត្រូវទទួលពិន័យផ្សេងៗ៕