(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញថ្លែងបឋកថា ស្តីពី «ការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅលើពិភពលោក និងគោលនយោបាយឧស្សាហកម្មនៅកម្ពុជា» ជូនសិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីជាន់ខ្ពស់ចំនួន ប្រមាណជាង ៥០០នាក់ នៅសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។
ជាកិច្ចចាប់ផ្តើម លោក យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងនូវមតិស្វាគមន៍ វត្តមានរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងបានរំឭកពីប្រវត្តិ បទពិសោធន៍ការងារ និងទេពកោសល្យដ៏ប៉ិនប្រសព្វ នៃការចរចាពាណិជ្ជកម្មដ៏ច្រើនលើសលុប របស់លោកទេសរដ្ឋមន្ត្រី។
ថ្លែងក្នុងបឋកថា ទាំងនៅក្នុងសាលសិក្ខាសាលា និងតាមរយៈវីឌីអូ Conference ដែលភ្ជាប់ទៅតាមបន្ទប់សិក្សានីមួយៗ នៃសាលាភូមិន្ទរដ្ឋបាល លោក ចម ប្រសិទ្ធ បានលើកឡើងពីប្រវត្តិ នៃបដិវដ្តន៍ឧស្សាហកម្ម ដែលគិតមកដល់ពេលនេះ គឺយើងកំពុងរស់នៅក្នុងបដិវដ្តន៍ នៃឧស្សាហកម្ម ជំនាន់ ៤.០។ បន្ទាប់មក លោកក៏បានថ្លែងឲ្យដឹងពីបម្រែបម្រួល នៃសភាការណ៍នៅលើពិភពលោកទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ការវិនិយោគ និងការវិវឌ្ឍន៍យ៉ាងលឿន នៃបច្ចេកវិទ្យា។
ក្រៅពីការចែករំលែក នូវចំណេះដឹងទូទៅដ៏មានប្រយោជន៍ នៃស្ថានការណ៍ពិភពលោក លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពី គោលនយោបាយអភិវឌ្ឍវិស័យ ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលជាគោលនយោបាយ ដ៏មានសារសំខាន់បំផុតមួយក្នុងការអភិវឌ្ឍន៍ ប្រទេសកម្ពុជា និងជាកម្លាំងចលករដ៏រឹងមាំ សម្រាប់នាំកម្ពុជាប្រែក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ និងជាក្លាយប្រទេសអភិវឌ្ឍនា ពេលអនាគត។
គួររំឭកផងដែរថា ប្រទេសអភិវឌ្ឍស្ទើរតែទាំងអស់ នៅលើពិភពលោក គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ វិស័យឧស្សាហកម្មជាចម្បង ហើយការរីកចម្រើននៃវិស័យឧស្សាហកម្ម ក៏នឹងជួយអូសទាញនូវវិស័យផ្សេងៗជាច្រើនទៀត អោយមានការរីកចម្រើន ផងដែរ។
តាមការឲ្យដឹងពីសិក្ខាកាម នៃសាលាភូមិន្ទរដ្ឋបាល ដែលបានចូលរួមស្តាប់បឋកថានេះ បានសម្តែងនូវការសប្បាយរីករាយ ដែលបានទទួលនូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដែលនឹងមានប្រយោជន៍សម្រាប់ការគិត និងការអនុវត្ត ក្នុងគោលដៅរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខ៕