(សេអ៊ូល)៖ ប្រធានសភាកូរ៉េខាងត្បូង លោកជុង ស៊ីឃ្យុន (Chung Sye-kyun) នៅថ្ងៃចន្ទនេះបានបង្ហាញក្ដីសង្ឃឹមថាតុលាការធម្មនុញ្ញ នឹងត្រួតពិនិត្យឱ្យបានឆាប់រហ័សលើនីតិវិធីទម្លាក់ លោកស្រី ផាក គឺនហេ ពីតំណែងប្រធានាធិបតីបន្ទាប់ពីសភាបានអនុម័តលើនីតិវិធីនេះកាលពីថ្ងៃសុក្រ សប្ដាហ៍មុនដើម្បីធ្វើឱ្យស្ថានភាពនយោបាយក្នុងប្រទេសត្រឡប់មករកសភាពប្រក្រតីវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
លោក ជុង ស៊ីឃ្យុន បានលើកឡើងថា «យើងត្រូវការស្ថេរភាពនៃកិច្ចការរដ្ឋ និងជីវិតរស់នៅរបស់ប្រជាជនកូរ៉េ ហើយវិបត្តិនយោបាយនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ព្រោះខ្ញុំសង្ឃឹមថាតុលាការធម្មនុញ្ញនឹងពន្លឿន ការសម្រេចចិត្តពាក់ព័ន្ធនឹងនីតិវិធីទម្លាក់លោកស្រី ផាក។ ប៉ុន្តែប្រការនេះវានៅមិនទាន់គ្រប់គ្រាន់ឡើយ ពោលសមាជិកសភាទាំងអស់ ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អំពើពុករលួយ និងបង្កើតប្រព័ន្ធរដ្ឋថ្មីមួយសម្រាប់ប្រជាជនកូរ៉េខាងត្បូង»។
គួររំលឹកថានៅក្នុងកិច្ចប្រជុំសភាពេញអង្គកាលពីថ្ងៃសុក្រ រដ្ឋសភាកូរ៉េខាងត្បូងបានយល់ព្រមបោះឆ្នោតទម្លាក់ លោកស្រី ផាក ពីមុខតំណែងដោយសំឡេង ២៣៤ ទល់នឹង៥៦ នៃសំឡេងតំណាងរាស្ត្រសរុប ៣០០។ ប៉ុន្តែ តុលាការធម្មនុញ្ញត្រូវការពេលវេលាយ៉ាងហោចណាស់ ១៨០ថ្ងៃ ដើម្បីត្រួតពិនិត្យការផ្ដល់សុពលភាពលើការបោះឆ្នោតលើនីតិវិធីនេះ ខណៈបច្ចុប្បន្នលោកស្រីត្រូវបានគេព្យួរអំណាច រីឯនាយករដ្ឋមន្ត្រី លោក វ៉ាង ឃ្យូអាន់ (Hwang Kyo-ahn) ត្រូវកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន រហូតដល់តុលាការធម្មនុញ្ញ សម្រេចថា តើលោកស្រី ផាក គួរតែចុះចេញពីតំណែង ឬក៏យ៉ាងណា៕