(កោះកុង)៖ ក្មេងស្ទាវ១ក្រុម មានគ្នា៤នាក់ បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយ ដល់ពេលស្រវឹងខ្លាំងក៏ផ្ដើមជជែកគ្នារឿងស្នេហា បណ្ដាលឲ្យកើតជាអំពើហិង្សាដេញកាប់ចាក់គ្នា ផ្អើលអស់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច តែចុងក្រោយត្រូវកម្លាំងសមត្ថកិច្ច ក្រុងខេមរភូមិន្ទ ចាប់ឃាត់ខ្លួនទាំងអស់ និងបញ្ជួនទៅស្នងការខេត្តកោះកុង។
លោក មីន រស្មី អធិការនគរបាលក្រុងខេមភូមិន្ទ បានឲ្យដឹងថា ករណីក្មេងស្ទាវ១ក្រុមដេញ កាប់ចាក់គ្នាឯងផ្អើលពេញភូមិ ខាងល់នេះ កើតឡើងនៅវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិតាកែវ សង្កាត់ដងទង់ ក្រុងខេមភូមិន្ទ ខេត្តកោះកុង។
លោកអធិការបានបន្តថា ក្មេងស្ទាវទាំង៤នាក់ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ១.ឈ្មោះ ឆាត ថន អាយុ២៥ឆ្នាំ ជាកម្មករនេសាទ, ២.ឈ្មោះ លី ហ្វាស៊ី អាយុ២១ឆ្នាំ ជនជាតិចាម, ៣.ឈ្មោះ លី រូហ្សាក់ អាយុ២៦ឆ្នាំ ជនជាតិចាម, ៤.ឈ្មោះ ប៉ុន ចិត្រាហបូសើ អាយុ១៩ឆ្នាំ ជនជាតិចាម ៣នាក់នេះ មានមុខរបរជាកម្មកររោងចក្រ ហើយអ្នកទាំង៤នាក់ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។ ក្នុងការឃាត់ខ្លួនក្មេងស្ទាវទាំង៤នាក់នេះ កម្លាំងសមត្ថកិច្ចបានដកហូតបាន កាំបិតបុ័ងតោ ២ដើម ដាវសាម៉ូរ៉ៃ ១ដើម និងដែកឆាប១។
លោកបានបញ្ជាក់ទៀតថា ក្មេងស្ទាវទាំង៤នាក់នេះ ជាក្លើម្រាក់នឹងគ្នា ថែមទាំងផឹកស៊ីក្នុងវង់ជាមួយគ្នាទៀត ឈ្លោះគ្នារហូតប្រើអំពើហិង្សា ដោយសាររឿងស្នេហាត្រីកោណ ព្រោះក្នុងវង់ផឹកស៊ីនោះ មានមនុស្សស្រីផឹកជាមួយដែរ។
បច្ចុប្បន្ន ក្មេងស្ទាវទាំង៤នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញក្រុង កំពុងកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕