(កំពង់ឆ្នាំង)៖ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទយ៉ាងកក្រើក ក្នុងដែនទឹកសាប របស់ខ្លួន ក្រោមការបទបញ្ជាផ្ទាល់ពី លោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿន បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានចេញផ្សាយកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានស្នើឲ្យលោកអភិបាលខេត្ត ចាត់វិធានការទប់ស្កាតជាបន្ទាន់ លើបទល្មើសនេសាទនានា។
កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តនេះ ដឹកនាំផ្ទាល់ដោយ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ លោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង។
លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង បានប្រាប់ភា្នក់ងារ Fresh News នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០១៦នេះថា ក្នុងប្រតិបត្តិការ ចុះបង្ក្រាបខាងលើ កម្លាំងចម្រុះបានពិនិត្យយើញថា អ្នកដាក់ឧបករណ៍នេសាទមួយចំនួន មិនទាន់មានកំហុសឆ្គងធ្ងន់ធ្ងរនៅឡើយទេ ដោយបានធ្វើការណែនាំ និងផ្សព្វផ្សាយឲ្យប្រជានេសាទ ងាកមកប្រើប្រាស់ឧបករណ៍ដែលត្រឹមត្រូវតាមច្បាប់ តាមប្រកាសលេខ៤៥៨ កសក វិញ។
ដោយឡែក ឧបករណ៍ល្មើសច្បាប់ មានរបាំងសាច់ អួនក្រឡាញឹក (ស្បៃមុង) ឧបករណ៍ប្រើប្រាស់ដោយម៉ាស៊ីន ត្រូវបានកម្លាំងចម្រុះចុះបង្ក្រាប និងបញ្ឈប់ជាស្ថាពរហើយ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ៕